
អស្ចារ្យ! ប្រាសាទអង្គរវត្តកម្ពុជា ដែលបានចុះបញ្ជីជាបេតិកភ័ណ្ឌពិភពលោកនៅឆ្នាំ១៩៩២ បានជាប់ចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតនៅឆ្នាំនេះ ក្នុងចំណោមសំណង់ប្រវត្តិសាស្ត្រល្បីៗជាច្រើនទៀតលើពិភពលោក។
ក្រសួងទេសចរណ៍ បានបង្ហាញថា យោងតាមការដកស្រង់មតិរយៈពេល ១២ខែ លើចំណាប់អាម្មណ៍ និងទស្សនៈរបស់អ្នកទេសចររាប់លានអ្នក ជំុវិញពិភពលោក កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៨ ទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor) បានសម្រេចផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តកម្ពុជា ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតក្នុងចំណោមសំណង់ប្រវត្តិសាស្ត្រដ៏ល្បីៗក្នុងពិភពលោកចំនួន ២៥ សម្រាប់ឆ្នាំ២០១៨ (Cambodia's Angkor Temple-the 1st Place of World's Best Landmark for 2018)។

នេះគឺជាមោទនភាពថ្មីមួយបន្ថែមទៀតរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល ដែលប្រាសាទអង្គរវត្តរបស់កម្ពុជាទទួលបានការគាំទ្រពីបណ្តាប្រជាជនជុំវិញពិភពលោក។ នេះជាឆ្នាំទី៥ហើយ ដែលប្រាសាទអង្គវត្តត្រូវបានភ្ញៀវទេសចរនៅទូទាំងពិភពលោកបោះឆ្នោតគាំទ្រ ហើយកន្លងមកក៏ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ១ ជាប់ៗគ្នា តាមរយៈគេហទំព័រលីល្បាញផ្សេងៗ មាន៖
- កាលពីឆ្នាំ២០១៤ ប្រាសាទអង្គរវត្តបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រ Archaeo Madness ជាតំបន់បុរាណវិទ្យា និងប្រវត្តិសាស្ត្រ ដែលទាក់ទាញបំផុតលើពិភពលោក។
- នៅដើមឆ្នាំ២០១៥ ប្រាសាទអង្គរវត្តទទួលបានចំណាាត់ថ្នាក់លេខ១ ម្តងទៀតនៅលើគេហទំព័រ TripAdvisor ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញលើពិភពលោក។
- នៅឆ្នាំ២០១៦ ប្រាសាទអង្គរវត្តបានជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័រ Lonely Planet ជារមនីយដ្ឋានទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញលើពិភពលោក។
- នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨នេះ គេហទំព័រ TripAdvisor បានបន្តផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តកម្ពុជា ក្នុងឋានៈជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោក។

ប្រាសាទអង្គរវត្តត្រូវបានកសាងឡើងនៅដើមសតវត្សទី១២ (១១១៣ - ១១៥០) ដោយព្រះបាទ សូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុរ ក្នុងព្រហ្មញ្ញសាសនា និងបង្ហាញពីល្អវិចិត្ត ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យ មានឈ្មោះល្បីល្បាញសុះសាយទៅគ្រប់ទិសទីលើពិភពលោក។
ប្រាសាទអង្គរវត្តមានកម្ពស់ ៦៥ម៉ែត្រ មានផ្ទៃក្រឡាប្រហែល ២០០ហិកតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែងមានប្រវែងប្រហែល ៥.៥គីឡូម៉ែត្រ។ ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និង ទទឹង ១២ម៉ែត្រ។
ដោយឃើញពីស្ថាបត្យកម្មដ៏អស្ចារ្យ មនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេព៕

រូបភាព៖ ក្រសួងទេសចរណ៍, google