សំណង់វិមានឈ្នះ ឈ្នះ នឹងសម្ភោធជាផ្លូវការនាចុងឆ្នាំនេះ!

សំណង់វិមានឈ្នះ ឈ្នះ នឹងសម្ភោធជាផ្លូវការនាចុងឆ្នាំនេះ!

ក្រោយចំណាយពេលសាងសង់ប្រមាណជា ១ឆ្នាំកន្លះ សំណង់វិមានឈ្នះ ឈ្នះ ដែលជានិម្មិតរូបនៃសុខសន្តិភាពកម្ពុជា នឹងត្រូវសម្ភោធជាផ្លូវកានៅចុងឆ្នាំ ២០១៨នេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីកន្លងទៅនេះថា ការសាងសង់វិមានឈ្នះ ឈ្នះ នេះឡើង ដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យកាល ដែលបានលះបង់ជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀត វិមាននេះ ក៏ជានិម្មិតរូបនៃសុខសន្តិភាពដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមកដែរ។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ សំណង់វិមានឈ្នះ ឈ្នះ នេះត្រូវបានសាងសង់នៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយគ្រោងនឹងសម្ភោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ បន្ទាប់ពីបានដាក់រូបចម្លាក់រួចរាល់ ដែលបច្ចុប្បន្ន វិមានសម្រេចផ្នែកតួបានចំនួនជាង ៨០ភាគរយ។ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ អមដំណើរដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អនុប្រធានគណៈកម្មការសាងសង់ និងក្រុមការងារជំនាញ ចុះត្រួតពិនិត្យការសាងសង់វិមាននេះ។ សូមរំឭកថា ស្តូបវិមានឈ្នះ ឈ្នះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងទំហំដី៨ហិចតា ដោយថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ពុំមានទាក់ទងនឹងថរិការដ្ឋឡើយ។ យ៉ាងណាក្តី ពុំមានប្រភពណាមួយ បានបញ្ជាក់ពីទំហំនៃថវិកាដែលបានចំណាយទៅលើការស្ថាបនាវិមាននេះឡើយ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលជាអនុប្រធានគណៈកម្មការសាងសង់បានថ្លែងបញ្ជាក់ថា រូបចម្លាក់សម្រាប់ដាក់តាំងនៅក្នុងវិមាន បានឆ្លាក់រួចរាល់ហើយ នៅតាមជញ្ជាំងជាន់ផ្ទាល់ដីជុំវិញបរិវេណវិមានឈ្នះ-ឈ្នះ ដែលរូបចម្លាក់នេះ ទាក់ទងទៅនឹងប្រវត្តិនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។ រូបចម្លាក់ជាច្រើនទៀត ដែលនឹងត្រូវឆ្លាក់ដាក់នៅលើវិមានឈ្នះ-ឈ្នះ មានដូចជា រូបចម្លាក់ហង្ស រូបគ្រុឌ និង រូបដំរីក្បាលបី បន្ទាប់ពីរូបនាគ និងរូបតោ៕ រូបភាព៖ នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា

អត្ថបទដោយ: Sreyluch