![](/uploads/wp-content/uploads/2018/08/images1067037_123.jpg)
គណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានអនុម័តលើគម្រោងតំបន់ B8 នៃគម្រោងផ្លូវបេតិកភ័ណ្ឌ ក្នុងស្រុក Van Don ភាគឦសានប្រទេសវៀតណាម។
គម្រោងរមនីយដ្ឋានឆ្នេរសមុទ្រ Van Cang គ្រប់ដណ្តប់លើផ្ទៃដីជាង ១០០ហិកតា នៅក្នុងតំបន់ Ha Long ដែលមានព្រំប្រទល់ជាប់ស្នូលកណ្តាលនៃទីក្រុង Van Don Harbor City ភាគនិរតី ឆ្នេរសមុទ្រ Bai Tu Long ភាគអាគ្នេយ៍ និង គម្រោងរមនីយដ្ឋាន Ha Long នៅភាគឦសាន។
យោងតាមផែនការមេនៃការអភិវឌ្ឍតំបន់B8 នេះ នឹងរួមបញ្ចូលវីឡាចំនួន ១៥៦ខ្នង ដែលស្ថិតនៅទល់មុខនឹងសមុទ្រផ្ទាល់។ ក្នុងនោះវីឡាចំនួន ៣៥ខ្នង នឹងត្រូវសាងសង់ឡើងនៅលើឆ្នេរ និង វីឡា ៣៨ខ្នងទៀតត្រូវបានសាងសង់ឡើងនៅលើទឹក។
នៅពេលបញ្ចប់ គម្រោងអភិវឌ្ឍន៍ដ៏ធំមួយនេះ នឹងបម្រើប្រជាពលរដ្ឋបានចំនួនជាង ២ម៉ឺននាក់ រួមមានអ្នកទស្សនាចំនួន ១៧,៣៩០នាក់ និង បុគ្គលិកប្រមាណជាង ៥ពាន់នាក់។
![](/uploads/wp-content/uploads/2018/08/vietnam-project.png)
គម្រោងនេះ នឹងរួមបញ្ចូលអគារសណ្ឋាគារចំនួន ៣ រួមទាំងសណ្ឋាគារកំពស់ ១៨ជាន់ ចំនួនពីរថែមទៀត ដែលមានបន្ទប់ស្នាក់នៅជិត ២ពាន់បន្ទប់ និង សណ្ឋាគារ ៤២ជាន់ មានចំនួន ១,២៣៤បន្ទប់ រួមជាមួយសណ្ឋាគារ ៤៣ជាន់មួយទៀត ដែលមានចំនួន ១,២៣៤បន្ទប់ដែរ។
លើសពីនេះទៅទៀត គម្រោងដ៏អស្ចារ្យនេះ នឹងមានបន្ថែមនូវមជ្ឈមណ្ឌលផ្សារទំនើប សេវាកម្មភ្ញៀវ និងកន្លែងទាក់ទាញភ្ញៀវទេសចរណ៍មួយចំនួនទៀតដូចជា ក្លឹបមាត់សមុទ្រ ក្លឹបហែលទឹក ទូក និង ក្លឹបរាត្រី មជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ ឧទ្យានទឹកប្រៃ និង ឆ្នេរសាធារណៈមួយកន្លែងទៀត។
គួរកត់សម្គាល់ថា អគារខ្ពស់ជាងគេនៅក្នុងគម្រោងនេះ អាចនឹងមានកម្ពស់ ៨៨ជាន់ ដែលមានបន្ទប់សណ្ឋាគាររហូតដល់ជាង ៣ពាន់បន្ទប់។
ការអភិវឌ្ឍដ៏ធំសម្បើមនេះ មានផ្ទៃដីសរុបច្រើនជាង ៣ពាន់ហិកតា រួមទាំងតំបន់រងចំនួន៧កន្លែងទៀតនៅលើភ្នំ និង កោះ។ គម្រោងត្រូវបានចែកជា ៩តំបន់ ដែលមានមុខងារផ្សេងៗគ្នាដូចជា តំបន់រមនីយដ្ឋានមាត់សមុទ្រ តំបន់លំនៅដ្ឋាន តំបន់កីឡាវាយកូនហ្គោលលើភ្នំ និង តំបន់មួយចំនួនទៀត៕
![](/uploads/wp-content/uploads/2018/08/vietnam-project...png)
រូបភាព៖ ctbuh