
អគ្គីភ័យគឺជាបញ្ហាដ៏ចំបងមួយដែលម្ចាស់អគារ និង លំនៅដ្ឋានជាច្រើនតែងមានក្តីបារម្ភណ៍។ តែមានបច្ចេកវិទ្យា និងឧបករណ៍មួយចំនួន អាចជួយបង្ការ និងផ្តល់សញ្ញាអាសន្នអោយយើងអាចមានវិធានការណ៍សង្រ្គោះបានទាន់ពេល។
ដូច្នេះដើម្បីបង្ការកុំឲ្យអគ្គីភ័យបំផ្លិចបំផ្លាញគេហដ្ឋាន ក្រុមហ៊ុន និងទ្រព្យសម្បត្តិរបស់លោកអ្នក KHB Media បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក ជា ឃាង នាយកគ្រប់គ្រង នៃក្រុមហ៊ុន Bakou System ដែលផ្គត់ផ្គង់ និងតំឡើងឧបករណ៍សុវត្ថិភាព និង ប្រព័ន្ធទំនាក់ទំនងគ្រប់ប្រភេទនៅកម្ពុជា។
ដោយមានបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យផ្គត់ផ្គង់ និង តម្លើងឧបករណ៍ផ្តល់សញ្ញានៅពេលមានអគ្គីភ័យ (Fire Alarm) លោក ជា ឃាងលើកឡើងថា ការបំពាក់ឧបករណ៍ប្រកាសអាសន្នពេលមានអគ្គីភ័យ បានត្រឹមត្រូវ អាចជួយឲ្យយើងដឹងពីកន្លែងដែលមានភ្លើងឆាបឆេះ ដើម្បីអាចពន្លត់ទាន់ពេលវេលា ជួយថែរក្សាទ្រព្យសម្បត្តិ និង អាយុជីវិតផងដែរ។

រូបភាពពី៖ incendiaria
តាមការបញ្ជាក់របស់លោក ប្រព័ន្ធផ្តល់សញ្ញាពេលមានអគ្គីភ័យនេះ ជាផ្នែកមួយស្ថិតក្នុង ប្រពន័្ធស្វ័យប្រវត្តិ ELV (Extra Low Voltage) ដែលរួមមានប្រពន្ធ័គ្រប់គ្រងអាគារឆ្លាតវៃ ឧបករណ៍ផ្តល់សញ្ញា ពេលមានចោរកម្ម មានផ្សែង ឬកំដៅកើតឡើង និងបណ្តាញភ្ជាប់ទិន្ន័យផ្សេងៗទៀត។ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ នៅកម្ពុជាលោកមើលឃើញថានៅតាមអគារ ខុនដូ ឬ ក្រុមហ៊ុនធំៗ មួយចំនួន បានយកចិត្តទុកដាក់ច្រើន លើការបំពាក់ឧបករណ៍ Fire Alarm នេះ។ ដោយឡែកនៅតាមផ្ទះភាគច្រើនមិនទាន់មានប្រើច្រើននោះទេ ដោយមានត្រឹមតែបំពង់ពន្លត់អគ្គីសភ័យប៉ុណ្ណោះ។
លោក ឃាង ស្នើរឲ្យម្ចាស់គម្រោង រឺ គេហដ្ឋានទាំងឡាយគួរស្វែងយល់ពីវិធីខ្លះៗ ក្នុងការជ្រើសរើសឧបករណ៍ប្រកាសអាសន្ននេះ ទៅបំពាក់ឲ្យបានត្រឹមត្រូវ ទៅតាមប្រភេទអគាររបស់លោកអ្នក ដោយគន្លឹះទាំងនោះមានដូចជា៖
ប្រភេទ Addressable: ជាប្រភេទដែលមានប្រព័ន្ធផ្តល់សញ្ញាយ៉ាងច្បាស់ពីទីតាំងនៃបន្ទប់ ណាមួយដែលកើតមានអគ្គីភ័យ ហើយប្រភេទនេះសាកសមប្រើក្នុង អគារខុនដូ សណ្ឋាគារ ឬ អគារដែលមានបន្ទប់ច្រើន។ ប៉ុន្តែប្រព៏ន្ធប្រភេទនេះត្រូវចំណាយថវិកាច្រើនក្នុងការតំឡើង ដោយសារត្រូវបំពាក់តាមបន្ទប់នីមួយៗ។
ប្រភេទ Conventional: ចំណែកប្រភេទនេះវិញអាចកំណត់បានជា zone ជាន់ថ្នាក់នៃអាគារ សាកសមប្រើ ទីតាំងណាដែលមិនខណ្ឌ័ចែកបន្ទប់ ឬការិយាល័យ ឃ្លាំងខ្នាតតូចហើយចំពោះការចំណាយលើការបំពាក់វិញ មានតម្លៃថោកជាង ប្រភេទ Addressable។
ប្រភេទ Residential : ប្រភេទទាំងពីរខាងលើអាចប្រើប្រាស់បានរួមទាំងសំរាប់លំនៅដ្ឋាន តែសំរាប់កាត់បន្ថយចំនាយច្រើន យើងមាន stand alone detector ប្រើថ្ម ដែលអាចផ្តល់ជាសំលេងរោហ៍ផងដែរ។

ចំពោះការតម្លើងប្រព័ន្ធនេះ អ្នកតម្លើងគប្បីសិក្សា រៀបផែនការ និងគូរប្លង់ ជាមុនជាមួយអ្នកជំនាញគូរប្លង់ ដើម្បីស្វែងយល់ និងធ្វើការជ្រើសរើសទីតាំង បង្កប់ខ្សែរដើម្បីបំពាក់ឧបករណ៍ Fire Alarm។ ក្នុងពេលអូសខ្សែរកាបភ្ជាប់ប្រព័ន្ធត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាបានថាឧបករណ៍មានប្រសិទ្ធភាព។ ក្រោយពីដំណាក់កាលតម្លើងរួច ទាំងម្ចាស់អគារ និង អ្នកតម្លើងត្រូវត្រួតពិនិត្យធ្វើទំហែរទាំ តេស្តសាកល្បងជាប្រចាំ ក្នុងរវាង ៣ ទៅ ៦ខែ ម្តង។
សូមបញ្ជាក់ផងដែរថា ប្រព័ន្ធនេះខុសពីប្រព័ន្ធផ្សេងៗ ឧទារហណ៍៖ កាមេរ៉ាសុវត្ថិភាព ពេលមានបញ្ហា ឬ រូបភាពមិនច្បាស់ យើងអាចដឹង និងជួសជុលឡើងវិញ តែប្រព័ន្ធ Fire Alarm វិញនៅពេលដែលខូច ឬដំណើរការមិនល្អនោះ គឺយើងមិនអាចមើលដឹងនោះទេ ដែលវាទាមទារឲ្យយើងត្រួតពិនិត្យជាប្រចាំ។
មួយវិញទៀតលោកសំណូមពរដល់ អ្នកលក់ និង អ្នកតម្លើងទាំងឡាយ សូមឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ព្រោះអតិថិជនដែលមកទិញផលិតផលពីយើង ដោយសារទុកចិត្ត និងជឿជាក់លើផលិតផលរបស់យើង។ ដូច្នេះយើងត្រូវតែផ្តល់ជូនអតិថិជនវិញនូវ ផលិតផលដែលមានគុណភាព និង ដើម្បីជួយការពារអាយុជីវិត និង ទ្រព្យសម្បត្តិ របស់អតិថិជន។

រូបភាពពី៖ incendiaria
ក្រៅពីនេះអ្នកផ្គតផ្គង់រូបនេះបានផ្តល់ជាគំនិតថា ដើម្បីជៀសវាងការចំណាយថវិកាច្រើន និង តម្លើងច្រើនដងហើយនៅតែមិនត្រូវចិត្តនោះ យើងត្រូវសិក្សាពីទំហំ និង ចំនួួនបន្ទប់ឲ្យបានច្បាស់ជាមុនសិន ហើយជ្រើសប្រភេទឲ្យបានត្រឹមត្រូវ។
ឧទាហរណ៍៖ ដូចជានៅក្នុងបន្ទប់ផ្ទះបាយ ដែលត្រូវចម្អិនម្ហូប ដូច្នេះវាប្រាកដជាមានផ្សែង និង កម្តៅខ្លាំង ប្រសិនបើយើងតម្លើងប្រភេទមាន Sensor ចាប់យកផ្សែង នោះឧបករណ៍ប្រកាសអាសន្ននឹងរោទ៍មិនឈប់ជាមិនខាន។
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ ចង់បានឧបករណ៍នេះទៅបំពាក់ក្នុងអគារ ឬសំណង់គេហដ្ឋាន ក្រុមហ៊ុន របស់លោកអ្នក ដើម្បីការពារទ្រព្យសម្បត្តិ រួមនឹងអាយុជីវិតផងនោះ សូមទំនាក់ទំនងមកក្រុមហ៊ុន Bakou Systems តាមរយៈ គេហទំព័រ www.bakousystems.com ដែលក្រុមហ៊ុនមានផ្តល់ជូនលោកអ្នកជាកញ្ចប់តែម្តង ទាំងប្រឹក្សា ឧបករណ៍ សេវាតម្លើង និង សេវាត្រួតពិនិត្យ៕