ចិនវិនិយោគ ៩ពាន់លានដុល្លារ លើគម្រោងកំពង់ផែមីយ៉ាន់ម៉ា

ចិនវិនិយោគ ៩ពាន់លានដុល្លារ លើគម្រោងកំពង់ផែមីយ៉ាន់ម៉ា
យោងតាមប្រភពព័ត៌មានពី កាសែត Financial Times បានឲ្យដឹងថា​ ក្រុមហ៊ុន CITIC របស់ចិន បានធ្វើការវិនិយោគលើគម្រោងកំពង់ផែ Kyaukpyu របស់ប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំ ២០១៥។ ប៉ុន្តែគម្រោងនេះត្រូវបានជាប់គាំងដោយសារក្រុមហ៊ុននេះកាន់កាប់ភាគហ៊ុនដល់ទៅ ៧០ ភាគរយ ខណៈដែលក្រុមហ៊ុនក្នុងស្រុកមានភាគហ៊ុនត្រឹមតែ ៣០ ភាគរយប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត គម្រោងសាងសង់កំពង់ផែនេះ មានភាពចម្រូងចម្រាស់អស់រយៈពេលប្រមាណ ៣ ឆ្នាំមកហើយ មុននឹងចាប់ផ្តើមគម្រោងម្ដងទៀត។ យោងតាមសារព័ត៌មាន Financial Times បានឲ្យដឹងថា គេនឹងកាត់បន្ថយចំនួនទឹកប្រាក់លើគម្រោងនេះ ព្រោះភ័យខ្លាចថា វានឹងធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ចិន ប្រសិនបើមីយ៉ាន់ម៉ាពឹងផ្អែកលើបំណុលនេះ។
ទឹកប្រាក់សរុបចំនួន ៩ពាន់លានដុល្លារនេះមានតម្លៃថ្លៃជាង ៧ដង នៃគម្រោងកំពង់ផែគាំទ្រដោយចិន ដែលបានសាងសង់នៅក្នុងប្រទេសស្រីលង្កា និងកាមេរ៉ូន។​ ប៉ុន្តែប្រទេសមីយ៉ាន់ម៉ានឹងទទួលបានផលចំណេញ ព្រោះគម្រោងនេះអាចធ្វើឲ្យប្រទេសមួយនេះ និងរដ្ឋ Rakhine រួបរួមគ្នាតែមួយ។ ប្រសិនបើកំពង់ផែនេះបញ្ចប់ការសាងសង់រួចរាល់ ការធ្វើពាណិជ្ជកម្មរវាងមីយ៉ាន់ម៉ា និងចិន កាន់តែងាយស្រួល ហើយអាចធ្វើឲ្យក្រុមហ៊ុនរបស់ចិនអាចដឹកទំនិញឆ្លងកាត់តាមកំពង់ផែនេះទៅកាន់មហាសមុទ្រឥណ្ឌាបាន។​ ម្យ៉ាងវិញទៀត វាជាគម្រោងផ្លូវមួយ ខ្សែក្រវាត់មួយរបស់ចិន ដែលមានតម្លៃរហូតដល់ ១ពាន់លានដុល្លារ។ នៅឆ្នាំ ២០០៨ ប្រទេសស្រីលង្កា បានចាប់ផ្តើមគម្រោងរួមគ្នាមួយនៅខេត្ត Hambantota ប៉ុន្តែមិនអាចសងប្រាក់កម្ចីរបស់ចិនបាន។ ជាលទ្ធផល ស្រីលង្កាបានលះបង់ការគ្រប់គ្រងដល់ប្រទេសចិនអស់រយៈពេល ៩៩ ឆ្នាំជាមធ្យោបាយនៃការកាត់បន្ថយបំណុល៕
អត្ថបទដោយ: Medikan