(មានវីដេអូ) ចិនស្ថាបនាស្ថានីយរថភ្លើងចំណាយពេលត្រឹម ៩ ម៉ោង

(មានវីដេអូ) ចិនស្ថាបនាស្ថានីយរថភ្លើងចំណាយពេលត្រឹម ៩ ម៉ោង
ស្ថានីយរថភ្លើងមួយនៅក្នុងប្រទេសចិន ត្រូវបានស្ថាបនាឡើងក្នុងរយៈពេលត្រឹម ៩ ម៉ោងប៉ុណ្ណោះ ដោយចំណាយកម្លាំងកម្មករប្រមាណជា ១៥០០ នាក់។ គម្រោងនេះត្រូវបានសាងសង់នៅខេត្ត Fujian ដោយភ្ជាប់ផ្លូវដែកសំខាន់ៗចំនួន ៣ ទៅកាន់ផ្លូវដែកនៅស្ថានីយរថភ្លើង Nanlong ស្ថិតនៅទីក្រុង Longyan ភាគខាងត្បូង ប្រទេសចិន។ យោងតាមភ្នាក់ងារសារព័ត៌មាន Xianhua បានបញ្ជាក់ឱ្យដឹងថា មានរថភ្លើងចំនួន ៧ និងម៉ាស៊ីនជីកដីចំនួន ២៣ គ្រឿង ត្រូវបានប្រើប្រាស់ក្នុងគម្រោងសាងសង់ស្ថានីយរថភ្លើងមួយនេះ។ លោក Zhan Daosong ដែលជាអនុប្រធានក្រុមហ៊ុុនសាងសង់ផ្លូវដែក China Tiesiju Civil Engineering Group បានប្រាប់ថា កម្មករត្រូវបានបែងចែកជា ៧ ផ្នែក ដើម្បីបំពេញការងារទៅតាមជំនាញនីមួយៗ។ ផ្លូវរថភ្លើងល្បឿនលឿនមួយនេះ មានប្រវែង ២៤៤ គីឡូម៉ែត្រ និងរត់ក្នុងល្បឿន ២០០​ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយកំពុងស្ថិតក្រោមការសាងសង់។ គេរំពឹងទុកថា គម្រោងមួយនេះនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ ២០១៨ នេះ។ ក្រោយសាងសង់រួច ស្ថានីយរថភ្លើងនេះ នឹងក្លាយជាកន្លែងដឹកជញ្ជូនដ៏សំខាន់មួយរវាងតំបន់ភាគអាគ្នេយ៍ និងតំបន់ភាគកណ្តាលនៃប្រទេសចិន។ វាជាគម្រោងមួយក្នុងចំណោមគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលត្រូវបានស្ថាបនាឡើងដោយប្រទេសចិន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ៕
អត្ថបទដោយ: Sreyluch