វិស្វករវ័យក្មេង បង្កើតបេតុងធ្វើពីកម្ទេចថ្ម និងផេះ

វិស្វករវ័យក្មេង បង្កើតបេតុងធ្វើពីកម្ទេចថ្ម និងផេះ
វិស្វករស្រីវ័យក្មេងម្នាក់ឈ្មោះ Majd Mashharawi អាយុ ២៤ ឆ្នាំ ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ហ្គាហ្សា (Gaza) ត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ ព្រោះនារីម្នាក់នេះបានប្រមូលកម្ទេចថ្មពីអគារ ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាម ផេះបានពីការចម្អិនអាហារ ដើម្បីបង្កើតបានជាបេតុង។ ការបង្កើតថ្មីនេះ ត្រូវបានគេដឹងថា អាចជួយដល់ប្រទេស ឬតំបន់ដែលពុំសូវមានការនាំចូលផលិតផលស៊ីម៉ង់ត៍បានយ៉ាងច្រើន។ សូមរំលឹកវិញផងដែរថា លំនៅដ្ឋានក្នុងតំបន់ហ្គាហ្សាជាង ១ ម៉ឺន ២ ពាន់ខ្នង ត្រូវបានបំផ្លិចបំផ្លាញនៅក្នុងសង្គ្រាមចុងក្រោយបង្អស់ជាមួយប្រទេសអុីស្រាអែល ដែលមានប្រជាជន ២ លាននាក់កំពុងរស់នៅ។ នារីដ៏វ័យឆ្លាតម្នាក់នេះ បានដាក់ឈ្មោះបេតុងនោះថា នំខេកបៃតង។ ការច្នៃប្រឌិតនេះ បានឈ្នះពានរង្វាន់ច្នៃប្រឌិតនៅក្នុងប្រទេសជប៉ុន ហើយទទួលបានងារជា មនុស្សដែលមានគំនិតច្នៃប្រឌិតបំផុត ក្នុងឆ្នាំ ២០១៨ ពីក្រុមហ៊ុន Fast Company ។ វិស្វករស្រីវ័យក្មេងរូបនេះបាននិយាយថា៖​ «យើងត្រូវធ្វើអ្វីមួយ ដើម្បីប្រទេសរបស់ខ្លួន មិនមែនគ្រាន់តែស្រែកថា ចង់បានសេរីភាពនោះទេ ព្រោះមិនមែនមានតែអ្នកទេ ដែលជាជនរងគ្រោះ។ ទាំងអស់គ្នាត្រូវកសាងប្រទេស ដោយមិនចាំបាច់រង់ចាំឲ្យនរណាម្នាក់មកជួយនោះទេ»។ សូមបញ្ជាក់ថា រូបមន្តលាយបេតុងរបស់និស្សិតម្នាក់នេះ ត្រូវបានធ្វើតេស្កសាកល្បងចំនួន ២០០ ដង ទើបទទួលបានជោគជ័យ ដើម្បីធ្វើឲ្យបេតុងមានភាពរឹងមាំជាលក្ខណៈស្តង់ដា៕ រូបភាព៖ www.globalconstructionreview.com    
អត្ថបទដោយ: Medikan