ជួសជុលបន្ទាន់ ផ្លូវបាក់ដោយជំនន់ទឹកភ្លៀងក្នុងសង្កាត់សាក់សំពៅ

ជួសជុលបន្ទាន់ ផ្លូវបាក់ដោយជំនន់ទឹកភ្លៀងក្នុងសង្កាត់សាក់សំពៅ

ជំនន់ទឹកភ្លៀង ដែលជន់មកពីស្ទឹងព្រែកត្នោត បានធ្វើឱ្យផ្ទះបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់មួយចំនួន ក្នុងខណ្ឌដង្កោមានការលិចលង់លំនៅដ្ឋាន ស្រែចំការ និងបាក់ផ្លូវបេតុងមួយកន្លែងទៀត។ តំបន់រងគ្រោះមានភូមិចំនួន ១៩ ក្នុងសង្កាត់ចំនួន ៧ ក្នុងខណ្ឌដង្កោ ស្មើនឹងចំនួន ១៩៦ គ្រួសារ រួមមានសង្កាត់ព្រៃស សង្កាត់ទៀន សង្កាត់គងនយ សង្កាត់ស្ពានថ្ម សង្កាត់ជើងឯក សង្កាត់សាក់សំពៅ និងសង្កាត់ដង្កោ។ ក្រោយពីជំនន់ស្ទឹងព្រែកត្នោតបានស្រកចុះវិញ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក​ និងឧតុនិយម បានបញ្ជាឱ្យក្រុមការងារបើកយុទ្ធនាការទ្រង់ទ្រាយធំ ដោយជួសជុលឡើងវិញនូវទំនប់សណ្តរស្ទឹងព្រែកត្នោតត្រឹមរយៈពេល ២ ថ្ងៃប៉ុណ្ណោះ។ ក្នុងការស្ថាបនានេះ បានប្រើគ្រឿងចក្រចំនួន ៥០ គ្រឿង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាពិសេស គឺផ្តោតទៅលើកន្លែង ដែលមានការហូរច្រោះនាពេលកន្លងមក។ ឯកឧត្តម ឃួង ស្រេង ​អភិបាល​រាជធានីភ្នំពេញ បានចុះពិនិត្យផ្លូវបេតុងចូល​វត្ត​រនតៈតេជៈ ហៅវត្ត​កំពង់ក្ដុល ស្ថិត​នៅ​សង្កាត់​សាក់សំពៅ ខណ្ឌ​ដង្កោ ដែលរងទឹកជំនន់ស្ទឹងព្រែកត្នោតហូរច្រោះ បាក់ស្រុតធ្ងន់ធ្ងរ មិនអាចធ្វើចរាចរបាន ព្រមទាំងបញ្ជាឱ្យស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញជាបន្ទាន់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះ។ ជាការឆ្លើយតប នាព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចុះជួសជុលផ្លូវបេតុងបាក់ស្រុតមួយខ្សែនេះហើយ តាមប្រសាសន៍របស់ឯកឧត្តម អភិបាលរាជធានីភ្នំពេញ៕ រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

អត្ថបទដោយ: Sreyluch