លោក លឹម សុថាវ៖ សមត្ថភាពវិជ្ជាជីវៈវិស្វករកម្ពុជាគឺត្រូវតែដោះស្រាយមុនគេ

លោក លឹម សុថាវ៖ សមត្ថភាពវិជ្ជាជីវៈវិស្វករកម្ពុជាគឺត្រូវតែដោះស្រាយមុនគេ

ភ្នំពេញ៖ បើតាមការសិក្សារបស់អង្កការជប៉ុន JICA ដែលធ្វើការនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ចាប់ពីឆ្នាំ២០១៨-២០២០ កម្ពុជាត្រូវមានកម្លាំងវិស្វករប្រមាណ ៣៥,០០០នាក់ សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ និងអចលនទ្រព្យក្នុងប្រទេសរបស់ខ្លួន។

ទន្ទឹមនេះ គណៈវិស្វករកម្ពុជា បានលើកឡើងថា ដើម្បីឈានទៅសម្រេចចក្ខុវិស័យសម្រាប់ឆ្នាំ២០២០នេះ ការ​បង្កើន​​ការ​ផ្សព្វផ្សាយនិងបង្កើនសមត្ថភាពវិជ្ជាជីវៈដល់វិស្វករកម្ពុជាជារឿង​សំខាន់​របស់គណៈវិស្វករកម្ពុជា ដែល​ត្រូវតែដោះស្រាយ​មុនគេ។

អគ្គលេខាធិការ​គណៈ​វិស្វករ​កម្ពុជា  លោក លឹម សុ​ថាវ បានប្រាប់ KHB News​​ ​ថា សម្រាប់យុទ្ធសាស្រ្តសំខាន់របស់គណៈវិស្វករកម្ពុជា ក្នុងឆ្នាំ២០២០នេះ គឺការជំរុញណែនាំដល់គណៈវិស្វករជាតិទាំងអស់​ ត្រូវបណ្តុះបណ្តាល និងគ្រប់គ្រងវិស្វករដែលចុះបញ្ជីទូទាំងប្រទេស ឲ្យបានខ្លាំងក្លាជាងមុន ដើម្បីអភិវឌ្ឍន៍សមត្ថភាពជំនាញវិជ្ជាជីវៈរបស់ខ្លួន ប្រកបដោយស្តង់ដារជាតិ និងអន្តរជាតិ សំដៅជំរុញការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ។

លោកប្រាប់ដល់គណៈវិស្វករកម្ពុជាយ៉ាងដូច្នេះថា​ «ត្រូវបន្តប្រមូលផ្តុំ បណ្តុះបណ្តាលបន្ត និងគ្រប់គ្រងវិស្វករចុះបញ្ជីទូទាំងប្រទេស ធ្វើយ៉ាងណាសំដៅអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈ ឱ្យមានស្តង់ដាជាតិ និងអន្តរជាតិ ជំរុញការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ»

អគ្គលេខាធិការ​គណៈ​វិស្វករ​កម្ពុជា  លោក លឹម សុ​ថាវ អះអាងបន្តថា ដើម្បីសម្រេចចក្ខុវិស័យនេះ លោកក៏បានធ្វើការណែនាំ ដល់ក្រុមការងារថ្នាក់ខេត្ត ត្រូវជំរុញ និងផ្សព្វផ្សាយដល់ក្រុមវិស្វករជាតិ-អន្តរជាតិ ដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា ឲ្យមកចូលរួមធ្វើការចុះបញ្ជីឲ្យបានត្រឹមត្រូវ និងស្របច្បាប់ ដើមី្បទទួលស្គាល់គុណភាព របស់វិស្វករកម្ពុជា និងមានគោរម្យងារជាវិស្វករអាជីព ក្នុងគោលដៅអភិវឌ្ឍន៍ធនធានមនុស្ស ឲ្យស្របតាមតម្រូវការសង្គម។ ទាំងនេះ ក៏ដើម្បីឱ្យក្រុមវិស្វករទាំងអស់ ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈវិស្វកម្ម ក្នុងការបង្កើននូវចំណេះដឹង និងបច្ចេកទេសរបស់ខ្លួន បានមួយកម្រិតទៀតផង។

ពាក់ព័ន្ធនឹងការលើកឡើងនេះដែរ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈវិស្វករកម្ពុជា ធ្លាប់បានអះអាងថា ដើម្បីសម្រេចកិច្ចការងារនេះ គណៈវិស្វករ​កម្ពុជា ​​បាន​ជំរុញ​ឲ្យវិស្វករ​ខ្មែរ និង​វិស្វករ​បរទេស​ទាំងអស់ ដែល​បម្រើការ​នៅ​កម្ពុជា​រួសរាន់​​មក​ចុះបញ្ជី​ជាមួយ​គណៈ​វិស្វករ​កម្ពុជា​ ដើម្បីក្លាយជាវិស្វករស្របច្បាប់ ​និងមិនប្រឈម​ទៅការ​ផាក់​វិន័យតាមប្រព័ន្ធផ្លូវ​ច្បាប់​ថែម​ទៀត។

បន្ថែមពីនេះ ក្នុងនាមជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា លោកក៏បានប្តេជ្ញានឹងបង្កើនការផ្សព្វ​ផ្សាយ​​ឲ្យបានទូលំ​ទូលាយដល់វិស្វករទាំងអស់នៅកម្ពុជា ដើម្បីឈានទៅទទួលបាននូវការបណ្តុះបណ្តាលពង្រឹងសមត្ថភាព បច្ចេកទេសគ្រប់ជំនាញ និងពង្រីកធនធានមនុស្ស ក្នុងការអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈរបស់ខ្លួនកាន់តែរឹងមាំ។

សូមរំឭកថា គណៈវិស្វករកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ ដែលមានឈ្មោះដើមថា ស្ថាប័នវិស្វកម្មកម្ពុជា (ស.វ.ក) ដែលបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំវិស្វករជាតិ ដើម្បីការពារផលប្រយោជន៍វិស្វករ និងលើកកម្ពស់សមត្ថភាព បញ្ញាវន្តវិស្វករជាតិ តាមរយៈការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងទំនាក់ទំនងការងារជូនសមាជិក ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធានកិត្តិយស

គិតមកដល់បច្ចុប្បន្នកនេះ មានវិស្វករជាង៤ពាន់នាក់ហើយដែលបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជាក្នុងនោះមាន៖ វិស្វករដំបូង, វិស្វករអាជីព, វិស្វករបរទេស, វិស្វករអាស៊ាន, វិស្វករអាជីពឆ្នើមអាស៊ាន, វិស្វករអាស៊ានវ័យក្មេង, និងវិស្វករកិត្តិយសអាស៊ាន។នេះបើតាមរយការណ៍ពីគណៈវិស្វករ​កម្ពុជា៕

 

អត្ថបទដោយ: Pisey