ក្រុមហ៊ុនសាជីវកម្មគ្រឿងម៉ាស៊ីន និង វិស្វកម្មចិន China Machinery and Engineering Corporation (CMEC) ដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលចិន បានផ្តល់ហិរញ្ញប្បទាន ដើម្បីកសាងលំនៅដ្ឋានប្រណីតនៅទីក្រុងឌូបៃ ទៅដល់ក្រុមហ៊ុនអភិវឌ្ឍន៍ និង ធនាគារ Bahraini, GFH Financial Group ។

ក្រុមហ៊ុន CMEC នឹងផ្តល់ហិរញ្ញប្បទានរហូតដល់ ៨៥% ស្មើនឹងទឹកប្រាក់ប្រមាណ ១៥០លានដុល្លារ ដើម្បីសាងសង់តំបន់មួយនៅក្នុងទីក្រុងឌូបៃ ដោយដាក់ឈ្មោះថា “កាលីហ្វ័រញ៉ា វីលែក”។
នេះបើយោងតាមការប្រកាសព័ត៌មាននៅថ្ងៃទី ២១ ខែកក្កដា ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនភីង ទៅកាន់ទីក្រុងឌូបៃសប្តាហ៍មុន។

គម្រោងស្ថាបនា "កាលីហ្វ័រនីញ៉ា វីលែក" នឹងមានវីឡាឯកជនចំនួន ២០០វីឡា និង ផ្ទះល្វែងចំនួន ៤០០ខ្នង ដែលមានទីតាំងស្ថិតនៅពីមុខ IMG Theme Park នៅលើមហាវិថី Sheikh Mohammed Bin Zayed ទីក្រុងឌូបៃ។

នាយកប្រតិបត្តិរបស់ GFH បាននិយាយថា កាលីហ្វ័រនីញ៉ា វីលែក នឹងបង្ហាញពីកិច្ចសហប្រតិបត្តិការជាលើកដំបូងរបស់យើង ហើយយើងរំពឹងថានឹងបង្កើតទំនាក់ទំនងនេះជាមួយ CMEC និង ដៃគូរបស់ចិនដទៃទៀត ដើម្បីអនុវត្តការងារដែលអាចឈានទៅដល់តម្លៃ ១ពាន់លានដុល្លារ ដែលគ្របដណ្តប់លើគម្រោងដទៃទៀត នៅតំបន់ឈូងសមុទ្រ ដែលពេលនេះកំពុងស្ថិតក្នុងការពិភាក្សា៕