ម៉ាឡេស៊ីមិនគួរបដិសេធគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន

ម៉ាឡេស៊ីមិនគួរបដិសេធគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន
រូបភាព៖ channelnewsasia.com កាលពីពេលថ្មីៗនេះ ព្រះរាជបុត្រ Tunku Ismail Sultan Ibrahim បានប្រាប់ទូរទស្សន៍ Channel News​​ Asia នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃ ព្រហស្បតិ៍ថា ប្រទេសម៉ាឡេសុី មិនគួរដកខ្លួនចេញពីគម្រោងផ្លូវដែកល្បឿនលឿនសិង្ហបុរី - ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេសុីនោះទេ។ លោកបាននិយាយថា «ខ្ញុំគិតថាវាជាគម្រោងដ៏ល្អមួយ ដែលយើងគួរតែបន្ត ព្រោះវាមិនត្រឹមតែជួយដល់ Johor (រដ្ឋមួយក្នុងប្រទេសម៉ាឡេសុី) នោះទេ ប៉ុន្តែជាការជួយដល់ប្រទេសសិង្ហបុរីផងដែរ។ ផ្លូវដែកមួយខ្សែនេះ នឹងនាំឲ្យមានការវិនិយោគពីបរទេសកាន់តែច្រើនចូលមក។» ព្រះរាជបុត្របានថ្លែងបែបនេះ ដោយសារគម្រោងសាងសង់ផ្លូវដែកល្បឿនលឿនសិង្ហបុរី - ទីក្រុងកូឡាឡាំពួរ ត្រូវបានច្រានចោលដោយរដ្ឋាភិបាលម៉ាឡេស៊ី។ លោក Mahathir Mohamad នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបាននិយាយជាលើកដំបូង​នៅក្នុងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកាលពីខែ ឧសភាថា ប្រទេសម៉ាឡេស៊ី បានបោះបង់ចោលគម្រោងដែលបានស្នើរ ដោយអតីតរដ្ឋាភិបាលសហព័ន្ធសិង្ហបុរី។ ទោះជាយ៉ាងណាក៏ដោយ សិង្ហបុរីបាននិយាយថា ខ្លួនមិនបានទទួលការជូនដំណឹងជាផ្លូវការពីប្រទេសម៉ាឡេស៊ីនៅឡើយទេ។ កាលពីថ្ងៃ ពុធ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី លោក Mohamed Azmin Ali បាននិយាយថា លោកនឹងពិភាក្សាអំពីបញ្ហានេះជាមួយរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនសិង្ហបុរី ដើម្បីស្វែងរកដំណោះស្រាយដ៏ល្អបំផុត ដើម្បីផលប្រយោជន៍សម្រាប់ប្រទេសទាំង ២។ សូមបញ្ជាក់ផងដែរថា ការលុបចោលគម្រោងនេះ គឺដោយសារមានបញ្ហាច្រើន ទាំងតម្លៃ​ និងផលប៉ះពាល់ផ្សេងៗក្នុងការសិក្សាលើគម្រោងនេះ បើយោងតាមបណ្ឌិត Mahathir បានប្រាប់អ្នកយកព័ត៌មាន កាលពី​ថ្ងៃ ព្រហស្បតិ៍​ ៕
អត្ថបទដោយ: Medikan