អីុអន ខេមបូឌា នឹងសាងសង់ផ្សារទំនើបថែមទៀតក្នុងរាជធានីភ្នំពេញ

អីុអន ខេមបូឌា នឹងសាងសង់ផ្សារទំនើបថែមទៀតក្នុងរាជធានីភ្នំពេញ
ថ្មីៗនេះ អីុអន ម៉ល សែនសុខ ដែលជាផ្សារទំនើបធំជាងគេបំផុតនៅក្នុងរាជធានីភ្នំពេញបានបើកដំណើរការ ដោយផ្តល់ជូននូវសេវាកម្មជាច្រើនរួមមាន៖ សេវាកម្មកម្សាន្ត សេវាកម្មសាធារណៈ និងមជ្ឈមណ្ឌលហិរញ្ញវត្ថុជាច្រើន។ ផ្សារទំនើប អីុអន ម៉លទី ១ ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅកម្ពុជា ដែលមានភ្ញៀវប្រមាណ ១៨ លាននាក់ ចាប់តាំងពីពេលបើកដំណើរការដំបូងនៅឆ្នាំ ២០១៤។ ផ្សារទំនើប អីុអន ម៉ល​ ទី ២ ស្ថិតនៅក្នុងខណ្ឌ សែនសុខ រាជធានីភ្នំពេញ នឹងទទួលបានភ្ញៀវប្រមាណ ១៤ លាននាក់ក្នុងមួយឆ្នាំ។ ផ្សារទំនើបអីុអនម៉លទី ២ ដែលទើបបើកថ្មីនេះ បានចំណាយថ្លៃសាងសង់ប្រហាក់ប្រហែលទៅនឹងផ្សារទំនើបអីុអនទី ១ ដែលមានចំនួនទឹកប្រាក់ប្រមាណ ២០៥ លានដុល្លារសហរដ្ឋអាមេរិក។ អីុអន ខេមបូឌា រំពឹងទុកថា នឹងពង្រីកផ្សារទំនើបរបស់ខ្លួនបន្ថែមទៀតនៅពេលឆាប់ៗខាងមុខ។ ចាប់តាំងពីបើកជាផ្លូវការកាលពីថ្ងៃទី ៣០ ខែ ឧសភា កន្លងមក ផ្សារទំនើបអីុអនទី ២ ទទួលបានភ្ញៀវប្រហែល ៣០,០០០ នាក់ក្នុងមួយថ្ងៃ ខណៈតួលេខនេះបានកើនឡើងដល់ ៨០,០០០ នៅថ្ងៃ សៅរ៍ និងថ្ងៃ អាទិត្យ។ បច្ចុប្បន្ន ផ្សារទំនើបអីុអន មានចំនួន ៨ នៅអាស៊ីអាគ្នេយ៍ ដែលមានទីតាំងនៅប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម។ ក្រុមហ៊ុននឹងពង្រីកការវិនិយោគរបស់ខ្លួនទៅប្រទេសមីយ៉ាន់ម៉ា នៅពេលអនាគតផងដែរ៕
អត្ថបទដោយ: Medikan