ថៃចាប់ដេញថ្លៃផ្លូវរថភ្លើងល្បឿនលឿនភ្ជាប់ទៅចិន

ថៃចាប់ដេញថ្លៃផ្លូវរថភ្លើងល្បឿនលឿនភ្ជាប់ទៅចិន
យោងតាមគេហទំព័រ Global Construction Review បានឲ្យដឹងថា កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៨ កន្លងទៅនេះ រដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក Arkhom Termpittayapaisith បានដាក់ឲ្យដេញថ្លៃ សម្រាប់គម្រោងផ្លូវដែកល្បឿនលឿនតម្លៃ ៥,៥ ពាន់លានដុល្លារ ក្នុងត្រីមាសទី ៤ ដែលជាផ្នែកមួយនៃផែនការដ៏ធំសម្រាប់បណ្ដាញរថភ្លើងទៅកាន់ប្រទេសចិន។ ក្រសួងដឹកជញ្ជូនថៃរំពឹងទុកថា នឹងទទួលបានគំនូសប្លង់លម្អិតពីប្រទេសចិន ដែលជាដៃគូរបស់ខ្លួន មុននឹងពួកគេអនុម័តនៅក្នុងខែ សីហា នេះ។ នៅពេលចប់រួចរាល់ ដំណើរការដេញថ្លៃអាចចាប់ផ្ដើមសម្រាប់ដំណាក់កាលដំបូងលើផ្លូវប្រវែង ២៥៣ គីឡូម៉ែត្រ។ ដំណាក់កាលទី ១ គឺខ្សែរថភ្លើងពីទីក្រុងបាងកកទៅកាន់ខេត្ត នគររាជសីមា។ នៅពេលការដេញថ្លៃក្នុងដំណាក់កាលទី ១ ចាប់ផ្ដើមធ្វើកិច្ចសន្យាសាងសង់ ក្រសួងនឹងចាប់ផ្ដើមដំណើរការរៀបចំគម្រោងដំណាក់កាលទី ២ ដែលមានទឹកប្រាក់ ៥,២ ពាន់លានដុល្លារ លើផ្លូវរថភ្លើងប្រវែង ៣៥៥ គីឡូម៉ែត្រ ធ្វើដំណើរពីនគររាជសីមាទៅកាន់ប្រទេសឡាវ។ រូបតំណាង | រូបភាព៖ www.voanews.com ទន្ទឹមនឹងនេះ ការិយាល័យផ្លូវដែកទី ៤ របស់ចិនបានចាប់ផ្ដើមតម្លើងខ្សែក្រវ៉ាត់សម្រាប់ស្ពាន Yuanjiang នៅខេត្តយូណានហើយ ដែលនឹងទ្រផ្លូវដែកកម្ពស់ ២៣៧ ម៉ែត្រ ពីលើទន្លេយានជីន។ ខ្សែរថភ្លើងនេះត្រូវបានគេរំពឹងថា នឹងដំណើរការយ៉ាងពេញលេញនៅក្នុងខែ ធ្នូ ឆ្នាំ ២០២១ ដែលមានល្បឿន ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ រដ្ឋាភិបាលថៃកំពុងបន្តធ្វើការសាងសង់បណ្ដាញផ្លូវល្បឿនលឿនមួយផ្សេងទៀត តម្លៃ ១៥ ពាន់លានដុល្លារ រវាងទីក្រុង បាងកក និងឈៀងម៉ៃ ដែលជាទីក្រុងធំបំផុតនៅភាគខាងជើងប្រទេសថៃ។ លោក Termpittayapaisith បានថ្លែងថា ការងារខ្សែរថភ្លើងប្រវែង ៦៧២ គីឡូម៉ែត្រ ដែលគ្រោងសហការជាមួយរដ្ឋាភិបាលជប៉ុននេះ នឹងចាប់ផ្ដើមនៅឆ្នាំ ២០២០។ រដ្ឋាភិបាលយោធាដែលបានដណ្ដើមអំណាចចាប់តាំងពីឆ្នាំ ២០១៤នេះ បានផ្ដល់អាទិភាពដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកកត្តាជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារ ហើយសង្ឃឹមថា គម្រោងទាំងនេះនឹងត្រូវបានគាំទ្រដោយរដ្ឋាភិបាលស៊ីវិល សម្រាប់ការបោះឆ្នោតសាកលរំពឹងនឹងធ្វើឡើងនៅឆ្នាំក្រោយ។ https://youtu.be/kZ5H38RmwXY
អត្ថបទដោយ: Dara