ទិន្នន័យនៃការខូចខាត ដោយសារការបាក់ដី និងទឹកជំនន់ក្នុងប្រទេសជប៉ុន

ទិន្នន័យនៃការខូចខាត ដោយសារការបាក់ដី និងទឹកជំនន់ក្នុងប្រទេសជប៉ុន
ឧទ្ធម្ភាគចក្រជួយសង្គ្រោះ កំពុងប្រតិបត្តិការសង្គ្រោះជនរងគ្រោះ ក្នុងខេត្តYamaguchi។ (រូបថត៖KYODO) ចំនួនអ្នកស្លាប់បានបន្តកើនឡើង ខណៈពេលដែលរដ្ឋាភិបាលបានបង្កើនកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅភាគខាងលិចនៃប្រទេសជប៉ុន បង្កឱ្យមានទឹកជំនន់ និងការបាក់ដី។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គីភ័យបាននិយាយថា នៅព្រឹកថ្ងៃអង្គារ ផ្ទះចំនួន ៣៤៧ ខ្នង ត្រូវបានបំផ្លិចបំផ្លាញដោយព្យុះភ្លៀង ឬបាក់ដី ហើយផ្ទះចំនួន ៩៨៦៨ ត្រូវបានជន់លិច។ រដ្ឋមន្រ្តីក្រសួងកសិកម្មជប៉ុន លោក Ken Saito បាននិយាយថា ការខូចខាតដល់វិស័យកសិកម្មរួមមានព្រៃភ្នំ វាលស្រែ និងអាងស្តុកទឹក មានទឹកប្រាក់ប្រមាណ ៧ ពាន់លានយ៉េន (៦៣ លានដុល្លារ)។ ទិដ្ឋភាពលិចផ្ទះ ក្នុងក្រុងសាកា ខេត្តហ៊ីរ៉ូស៊ីម៉ា។ (រូបថត៖ Japantimes) គ្រោះមហន្តរាយនេះ បង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធជាតិជាច្រើន ជាពិសេសផ្ទះប្រជាជន ដីស្រែចំការ យាន្តយន្ត និងបានបំផ្លាញភាគខាងលិចនៃប្រទេសជប៉ុនស្ទើរតែទាំងមូល។ រីឯរដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុនបានឲ្យដឹងថា កាលពីព្រឹកថ្ងៃ អង្គារ ផ្ទះចំនួន ៣០០ ០០០ ខ្នង ក្នុងខេត្តចំនួន ១២ នៅភាគខាងលិចជប៉ុន គឺនៅតែមិនមានទឹកស្អាតប្រើ ដោយសារទឹកជំនន់។ យោងតាមទូរទស្សន៍ NHK របស់ជប៉ុន បានឱ្យដឹងថា មនុស្សចំនួន ១៥៨ នាក់ត្រូវបានស្លាប់នៅក្នុងខេត្តចំនួន ១២ និង ៥៦ នាក់ទៀតកំពុងបាត់ខ្លួន ។ សូមបញ្ជាក់ផងដែរថា ចំនួនអ្នកស្លាប់នេះ នៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ ហើយអ្នកបាត់ខ្លួន នៅតែមិនអាចរកឃើញនៅឡើយ ដោយទិន្នន័យនេះនឹងបន្តកើនឡើង៕
ផ្លូវដែលបានជនលិច ក្នុងស្រុកអាគី ខេត្ត ហីរ៉ូហ្សីម៉ា។ (រូបថត៖ KYODO) ផ្ទះដែលបានបាក់ និងខូចខាត នៅភាគខាងលិច ជប៉ុន។ (រូបថត៖xinhuanet) សម្ភារៈដែលបានខូចខាតក្នុងគ្រោះទឹកជំនន់ ជប៉ុន។ (រូបភាព៖xinhuanet) រូបភាព៖ mid-day.com
អត្ថបទដោយ: Medikan