កម្ពុជាកំពុងតែរីកចម្រើនលើហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣ ប្រភេទ

កម្ពុជាកំពុងតែរីកចម្រើនលើហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣ ប្រភេទ

គិតត្រឹមថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៨ នេះ រដ្ឋាភិបាលបានបើកការដ្ឋានសាងសង់ ជួសជុល និងសម្រេចបាននូវហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ជាច្រើនកន្លែង ក្នុងគោលបំណងបញ្ចៀសការកកស្ទះចរាចរណ៍ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរបានស្រួល និងរលូន។ ដូចជាកំណាត់ផ្លូវខូចមួយចំនួនទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា សុទ្ធតែទទួលបានការជួសជុលឡើងវិញ រួមមានការកាយដាក់ម៉ិច បិតកៅស៊ូ សម្អាតបង្គោលសុវត្ថិភាព លុបជង្ហុក និងបិទសំបុកមាន់ជាដើម។ ជាក់ស្តែងនាពេលថ្មីៗនេះ មានគម្រោងសាងសង់ ក៏ដូចជាសមិទ្ធផលធំៗជាច្រើនលេចឡើងគួរឱ្យកត់សម្គាល់រួមមាន ការសម្ភោធឱ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៦ ស្ពានអាកាសផ្សារដីហុយ ដែលមានប្រវែង ៩៤២ ម៉ែត្រ ការបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ ការដ្ឋានពង្រីកមហាវិថីសហព័ន្ធរុស្ស៊ី ការដ្ឋានជួសជុលស្ពានជ្រោយចង្វារទី ១ ការដ្ឋានស្ថាបនាប្រឡាយបេតុងស្ទឹងមានជ័យ ការដាក់ឱ្យដំណើរការផ្លូវរថភ្លើងខ្សែទី ២ ពីភ្នំពេញទៅប៉ោយប៉ែត ការពង្រីកផ្លូវពី ២ គន្លងទៅ ៤ គន្លង ការស្ថាបនាផ្លូវល្បឿនលឿន ការដ្ឋានស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី ២ និងគម្រោងបើកការដ្ឋានស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី ៣ ក្នុងពេលឆាប់ៗខាងមុខនេះជាដើម។ល។ (ស្ពានអាកាសផ្សារដីហុយ រូបភាពពីផេកក្រសួងសាធារណៈការ និងដឹកជញ្ជូន) ក្រៅពីសមទ្ធផលធំៗទាំងនេះ ក៏មានការជួសជុលផ្លូវមួយចំនួនទៀតដូចជា៖ - ជួសជុលលុបសំបុកមាន់ ស្រោចកៅស៊ូ ជួសជុលផ្ទៃកៅស៊ូត្រង់កន្លែងស្រុតប៉ោង សម្អាតស្ពាន-លូ នៅលើផ្លូវជាតិលេខ៣,៣៣,៣១អា និង ៤១។ - លុបជង្ហុកសំបុកមាន់ កាយដាក់ថ្មម៉ិច ដាក់លូបណ្តោយផ្លូវ កៀរកិនបង្ហាប់ដីស ចាក់កៅស៊ូបន្ស៊ីនៅលើផ្លូវជាតិលេខ២,២៣ ផ្លូវខេត្តលេខ១២២,១២០សេ និងផ្លូវក្រុងលេខ១៤។ - ជួសជុលបិទសំបុកមាន់ កៅស៊ូលាយស្រាប់(AC) ស្រោចកៅស៊ូលើថ្នល់ប្រេះស្រាំនៅលើផ្លូវជាតិលេខ ៤៨ ផ្លូវខេត្តលេខ ១៤៨៩អា អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង។ - ក្រាលកៅស៊ូ AC រៀបខឿនបេតុង គូសគំនូសចរាចរណ៍នៅលើកំណាត់ផ្លូវជាតិ ៣៣អា (ខេត្តកែប)។ - កាយដាក់ម៉ិច ចាក់ដីល្បាយថ្ម លុបជង្ហុក កៀរសំអាតចិញ្ចើមផ្លូវ ដាក់លូមូលបណ្តោយផ្លូវនៅលើផ្លូវជាតិលេខ២,៤១ ផ្លូវខេត្តលេខ១២៩បេ និងផ្លូវក្រុងលេខ ១៤ ។ - ប្រេមផ្លូវ កាយដាក់ម៉ិច បិតកៅស៊ូ សម្អាតបង្គោលសុវត្ថិភាព លុបជង្ហុកនៅលើផ្លូវជាតិលេខ ២២ ផ្លូវខេត្តលេខ ១២៩បេ,១តេកា២ និងផ្លូវក្រុងលេខ៣១,៤,១២...។ (រូបភាពពីផេកក្រសួងសាធារណៈការ និងដឹកជញ្ជូន) យោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ដែលជាទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីនៃក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបញ្ជាក់ឱ្យដឹងថា ក្រៅពីផ្លូវគោក កម្ពុជាក៏សម្លឹងឃើញពីការដឹកទំនិញតាមផ្លូវទឹកផងដែរ ព្រោះប្រទេសយើងសម្បូរទៅដោយទន្លេជាច្រើនដូចជា ទន្លេសាប ទន្លេមេគង្គ ទន្លេសេកុង...ជាដើម ដែលពុំទាន់បានប្រើឱ្យអស់សកត្តានុពលនៅឡើយទេ។ បច្ចុប្បន្នយើងមានកំពង់ផែនាវាដឹកពីព្រែកភ្នៅ ភ្នំពេញ ទៅកាន់ខេត្តតាកែវរួចហើយ និងមានគម្រោងសាងសង់កំពង់ផែជាច្រើនទៀតរួមមានច្បារអំពៅ ស្អាង គៀនស្វាយ...ថែមទៀតផងដែរ។ (រូបភាពពីផេកក្រសួងសាធារណៈការ និងដឹកជញ្ជូន) (រូបភាពពីផេកក្រសួងសាធារណៈការ និងដឹកជញ្ជូន) (រូបភាពពីផេកក្រសួងសាធារណៈការ និងដឹកជញ្ជូន) (រូបភាពពីផេកក្រសួងសាធារណៈការ និងដឹកជញ្ជូន) (រូបភាពពីផេកក្រសួងសាធារណៈការ និងដឹកជញ្ជូន)

អត្ថបទដោយ: Sreyluch