ពិធីសម្ភោធក្រុមហ៊ុន Uniqtek Cambodia Co., Ltd
នៅពីក្រោយគម្រោងសាងសង់ទាំងឡាយ មានកិច្ចការជាច្រើនដែលត្រូវធ្វើ ក្នុងនោះការងារវាស់ស្ទង់ (Survey) មិនអាចខ្វះបាននោះទេ។
ការវាស់ស្ទង់ គឺជាកិច្ចការមួយក្នុងចំណោមកិច្ចការបឋមជាច្រើននៅក្នុងគម្រោងសាងសង់ ដើម្បីបង្កើតជាទិន្នន័យវិភាគស្តីពីស្ថានភាពដី ទំហំដី ក្រឡាផ្ទៃដី និងទិន្នន័យផ្សេងៗជាច្រើនទៀត ហើយអាចឲ្យស្ថាបត្យករ វិស្វករ និងអ្នកឌីហ្សាញធ្វើការគូសប្លង់នានា កំណត់តម្លៃគម្រោង និងទិដ្ឋភាពលម្អិតរបស់គម្រោងបាន។
ព័ត៍មានដែលចេញពីទិន្នន័យវិភាគនេះ ជះឥទិ្ធពលខ្លាំងលើគុណភាពរបស់គម្រោង។ ទិន្នន័យវិភាគខុស នាំឲ្យខុសដល់ការឌីហ្សាញ ការប៉ាន់ប្រមាណតម្លៃសាងសង់ និងខុសគ្រប់បែបយ៉ាងលើគម្រោងទាំងមូល។
ដូច្នេះ តើកត្តាអ្វីខ្លះ ដែលកំណត់ថាការវាស់ស្ទង់មួយអាចទទួលយកបាន ឬមិនអាច? បើតាមលោក សុខ សារ៉ាក់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន UniqTek (Cambodia) Co., Ltd ដែលផ្គត់ផ្គង់ឧបករណ៍ និងសម្ភារៈវាស់ស្ទង់គ្រប់ប្រភេទ បានប្រាប់គេហទំព័រ KHB Media ថា ការវាស់ស្ទង់ដែលប្រកបដោយប្រសិទិ្ធភាព ត្រូវអាស្រ័យលើអ្នកវាស់ស្ទង់ ដែលមានជំនាញច្បាស់លាស់ និងឧបករណ៍វាស់ស្ទង់ ដែលមានគុណភាពល្អផងដែរ។
លោកថ្លែងបញ្ជាក់ថា៖ «ប្រសិនបើអ្នកវាស់ស្ទង់មានជំនាញច្បាស់ហើយ ប៉ុន្តែបែរជាឧបករណ៍វាស់ស្ទង់មិនល្អវិញ នាំឲ្យការវាស់វែងមិនត្រឹមត្រូវ។ ប៉ុន្តែបើមានឧបករណ៍ល្អហើយ តែអ្នកប្រើប្រាស់មិនមានជំនាញច្បាស់លាស់វិញ ក៏មានបញ្ហាដែរ។ ដូច្នេះ ទាមទារឲ្យមានឧបករណ៍ល្អ និងអ្នកវាស់វែងល្អផងដែរ»។
តាមរយៈបទពិសោធន៍ផ្ទាល់ ដែលធ្លាប់ធ្វើការលើផ្នែកវាស់ស្ទង់នេះជាង ១០ ឆ្នាំមកហើយ លោកបានលើកឡើងថា ការជ្រើសរើសឧបករណ៍វាស់ស្ទង់បានត្រឹមត្រូវ ឬអត់ មានសារៈសំខាន់ណាស់ ព្រោះវាបណ្តាលឲ្យទិន្នន័យវិភាគមិនបានត្រឹមត្រូវ ដែលជាលទ្ធផលនាំឲ្យការប៉ាន់ស្មានតម្លៃគម្រោងខុស ហើយការសាងសង់គ្មានគុណភាព។
ដូច្នេះ លោក សារ៉ាក់ លើកជាអនុសាសន៍ចំនួនប្រាំជូនអតិថិជន ដែលមានបំណងទិញឧបករណ៍វាស់ស្ទង់ធ្វើការពិចារណា មុននឹងសម្រេចចិត្តទិញឧករករណ៍ណាមួយ ដើម្បីកុំឲ្យស្តាយក្រោយ។
គន្លឹះទី ១៖ តើអតិថិជនចង់ទិញឧបករណ៍វាស់ស្ទង់ទៅធ្វើការងារអ្វី ហើយឧបករណ៍ដែលគាត់ចង់ទិញ អាចត្រូវនឹងការងារក្នុងគម្រោងរបស់គាត់ ឬក៏អត់?
គន្លឺះទី ២៖ តើឧបករណ៍វាស់ស្ទង់នោះមានគុណប្រយោជន៍ គុណតម្លៃ និងអាចធ្វើការលើការងារអ្វីខ្លះ?
គន្លឹះទី ៣៖ តើឧបករណ៍នោះ មានគុណភាពល្អ ឬមិនល្អ?
គន្លឺះទី ៤៖ តើតម្លៃរបស់ឧបករណ៍នោះ សមរម្យអាចទទួលយកបាន ឬទេ?
គន្លឹះទី ៥៖ តើសេវាកម្មក្រោយពេលលក់ (After Sales Service) របស់ឧបករណ៍នោះដូចម្តេចដែរ?
ក្រុមហ៊ុន UniqTek (Cambodia) Co., Ltd មានបទពិសោធន៍លើការផ្គត់ផ្គង់ឧបករណ៍ និងសម្ភារៈវាស់ស្ទង់ជាច្រើនប្រភេទអស់រយៈពេលច្រើនឆ្នាំមកហើយ។
ក្រុមហ៊ុនផ្គត់ផ្គង់ ឧបករណ៍វាស់ស្ទង់ជាច្រើនប្រភេទម៉ាក CFC ដែលជាផលិតផលម៉ាកល្បីលេខ ១ មកពីប្រទេសចិនដូចជា៖ ឧបករណ៍វាស់ស្ទង់ Digital Global Position System (DGPS)/GNSS (Global Network Satellite System) ដែលជាបច្ចេកវិទ្យាវាស់ស្ទង់ចុងក្រោយ ដោយប្រើប្រាស់ផ្កាយរណបសម្រាប់ការវាស់វែង ឧបករណ៍អេកូសោនសម្រាប់វាស់ស្ទង់ជម្រៅទឹកសម្រាប់គម្រោងសាងសង់កំពង់ផែ ស្ពាន និងច្រាំងទន្លេ យន្តហោះដ្រូន ដែលអាចវាស់ស្ទង់ផ្ទៃដីបានរាប់ពាន់ហិចតាពីអកាស (UAV) និងឧបករណ៍វាស់ស្ទង់ Continous Operation Reference System (CORS Network)។
ក្រុមហ៊ុនក៏ផ្គត់ផ្គង់ប្រព័ន្ធហាយដ្រូលិកសម្រាប់ត្រាក់ទ័រ សម្រាប់ការងារកសិកម្ម ដែលអាចគ្រប់គ្រងជម្រៅមុតទៅក្នុងដីរបស់ត្រាក់ទ័រ រួមទាំងការពង្រាបដីឲ្យស្មើផងដែរ។
ឧបករណ៍វាស់ស្ទង់ទាំងនេះ បានជួយសម្រួលដល់ការងាររបស់អ្នកវាស់ស្ទង់បានច្រើន រួមទាំងការចំណេញពេលវេលា ថវិកា និងកម្លាំងពលកម្ម ហើយផ្តល់ជូនការវាស់វែងប្រកបដោយភាពត្រឹមត្រូវ និងងាយស្រួលដល់អ្នកប្រើប្រាស់ទៀតផង។
តួយ៉ាងដូចជាម៉ាស៊ីនវាស់ស្ទង់ DGPS ម៉ាក CHC ដែលក្រុមហ៊ុនរបស់លោកបាននាំចូលផ្តាច់មុខគឺមានលក្ខណៈពិសេសច្រើនជាងផលិតផលដទៃនៅក្នុងទីផ្សារ។
ការងារដែលឧបករណ៍វាស់វែង DGPS អាចជួយបាន ទាក់ទងនឹងការវាស់វែងដីគ្រប់ប្រភេទ ការស្ថាបនា ផ្លូវ ស្ពាន កំពង់ផែ ច្រាំងទន្លេ ប្រឡាយ ប្រព័ន្ធលូទឹកស្អុយ អាងចម្រោះទឹក ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងបង្ហូរទឹកកខ្វក់ ប្រព័ន្ធរត់ខ្សែកាបអុបទិក និងការសាងសង់ទាំងឡាយ។
លោកថ្លែងប្រាប់ថា៖ «ជាមួយនឹងឧបករណ៍ DGPS លោកអ្នកអាចដឹងពីទីតាំងដាក់លូបង្ហូរទឹកស្អុយ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទុយោរទឹកត្រូវរត់កាត់ទីណាខ្លះ ប្រព័ន្ធបិទបើកទឹកនៅពេលមានអគ្គីភ័យ តើរថយន្តអគ្គីភ័យអាចទៅយកទឹកនៅទីណាខ្លះ និងប្រព័ន្ធរត់ខ្សែកាបក្រោមដី ថាតើត្រូវរត់កាត់ទីតាំងណាខ្លះជាដើម»។
បើតាមការសង្កេតរបស់លោក នៅកម្ពុជាឧបករណ៍វាស់ស្ទង់ DGPS មិនទាន់មានការប្រើប្រាស់ទូលំទូលាយទេ ដោយអ្នកប្រើប្រាស់ជាច្រើននិយមប្រើម៉ាស៊ីនតូតាល់ស្តេសិន (Total Station) នៅឡើយ។ លោកពន្យល់ថា ឧបករណ៍តូតាល់ស្តេសិន ស្ទើរហួសសម័យទៅហើយ និងអាចបង្កបញ្ហាឲ្យអ្នកប្រើប្រាស់ច្រើននៅពេលក្រោយ ហើយនៅពេលយកទៅប្រើហើយ គឺត្រូវយកមកកំណត់ប្រព័ន្ធដំណើរការឡើងវិញ (Calibration) ដែលមានការលំបាកច្រើន។
ខណៈដែលម៉ាស៊ីន DGPS ងាយស្រួលប្រើ មានរូបរាងតូច ស្រាល មិនទាមទារការកំណត់ប្រព័ន្ធឡើងវិញ ម៉ាស៊ីន DGPS ម៉ាក CHC មិនបារម្ភពីការជ្រាបទឹក ឬបាក់បែក ទោះធ្លាក់លើថ្មកម្ពស់ ២ ទៅ ៣ ម៉ែត្រក៏ដោយ ហើយអាចបញ្ជាតាមទូរស័ព្ទដៃថែមទៀត។
ចំពោះគុណភាពរបស់ម៉ាស៊ីន DGPS CHC i80 អាចប្រៀបធៀបជាមួយផលិតផលលំដាប់ខ្ពស់ដូចជា Topcon GR5, LEICA GS15, Trimble R10 ប៉ុន្តែ CHC i80 មានគុណភាពល្អជាងផលិតផលរបស់ចិនដទៃទៀតដាច់តែម្តង។
ចំពោះប្រសិទិ្ធភាពការងារវិញ CHC i80 អាចធ្វើការនៅក្រោមដើមឈើធំៗ ក្រោមម្លប់ ក្រោមខ្សែកាបដែលមានតង់ស្យុងខ្ពស់ ដែលប្រសិទិ្ធភាពការងាររបស់វាមាន ២ ជម្រើសគឺ៖ វិទ្យុផ្នែកខាងក្នុង (Internal Radio) និងវិទ្យុផ្នែកខាងក្រៅ (External Radio)។
សម្រាប់វិទ្យុផ្នែកខាងក្នុង អាចវាស់វែងបាន ៧ គីឡូម៉ែត្រទៅទិសម្ខាងៗ។ ដូច្នេះ គឺអាចវាស់បានចម្ងាយសរុប ១៤ គីឡូម៉ែត្រ។
ប៉ុន្តែបើប្រើប្រាស់វិទ្យុផ្នែកខាងក្រៅ អាចវាស់បានលើសពី ២០ គីឡូម៉េត្រ។ វាអាចធ្វើការបាន ៨ លក្ខខណ្ឌផ្សេងៗគ្នាក្នុងពេលតែមួយ ដោយអាចភ្ជាប់ទៅនឹងទូរស័ព្ទតាមរយៈ Wi-Fi បាន។
លោកសង្តត់ធ្ងន់ថា៖ «ឧបករណ៍ខ្លះនៅពេលប្រើប្រាស់នៅក្រោមខ្សែកាប ឬដើមឈើធំៗ វាចាប់សញ្ញាពីផ្កាយរណបមិនបានទេ ដែលនាំឲ្យការវាស់ស្ទង់មិនត្រឹមត្រូវ និងប៉ះពាល់ដល់ការប៉ាន់ស្មានពីតម្លៃគម្រោង និងគុណភាពរបស់គម្រោងទាំងមូល»។
ឧបករណ៍ DGPS ម៉ាក CHC អាចចាប់សញ្ញាពីផ្កាយរណបធំៗ ៥ លើលោក គឺ៖ ផ្កាយរណប GPS របស់អាមេរិក ផ្កាយរណប Galileo របស់សហគមន៍អឺុរ៉ុប ផ្កាយរណប SBAS របស់ជប៉ុន ផ្កាយរណប BDS របស់ចិន និងផ្កាយរណប GLONASS របស់រុស្សី។
UniqTek (Cambodia) Co., Ltd ផ្តោតលើសេវាកម្មក្រោយការលក់ខ្លាំង ដោយផ្តល់ជូនការធានារយៈពេល ២ ឆ្នាំ ជំនួយផ្នែកបច្ចេកទេសចំនួន ២ ឆ្នាំ និងផ្តល់ជូនការបណ្តុះបណ្តាលពីផលិតផល និងការប្រើប្រាស់នៅគ្រប់ទីកន្លែងទូទាំងប្រទេសដោយឥតគិតថ្លៃ។
ក្រុមហ៊ុនផ្តោតលើអតិថិជន ដែលជាក្រុមហ៊ុនសាងសង់ទាក់ទងនឹងផ្លូវថ្នល់ ប្រឡាយ ស្ពាន ក្រុមហ៊ុនវិស្វកម្ម ក្រុមហ៊ុនវាស់វែង និងក្រុមហ៊ុនផ្តល់សេវាកម្មកុងស៊ុលតង់ផ្នែកសំណង់ទាំងឡាយ។
ខណៈដែលមានគម្រោងសាងសង់ជាច្រើនកំពុងដំណើរការ និងចាប់ផ្តើមនៅទូទាំងប្រទេសកម្ពុជា លោកសារ៉ាក់ មើលឃើញពីឱកាសដ៏ធំលើទីផ្សារផ្គង់ផ្គង់ឧបករណ៍វាស់ស្ទង់នេះ។
ប៉ុន្តែលោកក៏បារម្ភពីការប្រឈមជាច្រើននៅក្នុងវិស័យនេះផងដែរ ដោយបច្ចុប្បន្នមានការប្រកួតប្រជែងខ្លាំងលើគុណភាពផលិតផល ខណៈដែលមានការនាំចូលផលិតផល ដែលមិនមានគុណភាពល្អមកកាន់តែច្រើន ហើយលក់ក្នុងតម្លៃថោក ដោយមិនមានការទទួលខុសត្រូវជាមួយអតិថិជន ដែលស្ថានភាពនេះ បានប៉ះពាល់ដល់ផលិតផល ដែលមានគុណភាពខ្ពស់ ប៉ុន្តែមានតម្លៃថ្លៃជាងនៅលើទីផ្សារ។
លោកសង្តត់ធ្ងន់ថា៖ «មិនខ្វះទេផលិតផលបម្រើឲ្យការវាស់ស្ទង់នៅក្នុងទីផ្សារ ប៉ុន្តែអ្វីដែលជាបញ្ហា តើគុណភាព ប្រសិទិ្ធភាព និងគុណតម្លៃរបស់ផលិតផល ដែលអ្នកជ្រើសរើសមានលក្ខណៈបែបណា?»
លោកសូមសំណូមពរទៅរាជរដ្ឋាភិបាល និងអ្នកជំនាញទាក់ទងនឹងការវាស់វែងដី ឲ្យបើកចិត្តទូលាយទទួលយកបច្ចេកវិទ្យាថ្មីៗ។ លោកចង់ឃើញក្រសួង មន្ទីរ និងសាកលវិទ្យាល័យនានាដែលធ្វើការ ឬបង្រៀនមុខវិជ្ជាពាក់ព័ន្ធនឹងវិស័យសំណង់ គួរតែប្រើប្រាស់ឧបករណ៍វាស់ស្ទង់ទំនើបៗ ទើបនិសិ្សតរបស់យើងអាចតាមទាន់បច្ចេកវិទ្យាថ្មីៗលើពិភពលោកបាន។
ចំពោះអ្នកប្រើប្រាស់វិញ លោកសំណូមពរឲ្យអតិថិជន សិក្សាពីគុណភាពផលិតផល ប្រសិទិ្ធភាពនៃការប្រើប្រាស់ គុណតម្លៃ និងសេវាកម្មក្រោយការលក់ឲ្យបានច្បាស់សិន មុននឹងសម្រេចចិត្តទិញផលិតផលណាមួយយកមកប្រើប្រាស់។