តិចនិច 7 យ៉ាងក្នុងការតុបតែងការិយាល័យ ដើម្បីឲ្យបុគ្គលិកមានអារម្មណ៍រឹតតែចង់ធ្វើការ

តិចនិច 7 យ៉ាងក្នុងការតុបតែងការិយាល័យ ដើម្បីឲ្យបុគ្គលិកមានអារម្មណ៍រឹតតែចង់ធ្វើការ
ការងារក្នុងការិយាល័យ ថ្វីត្បិតធ្វើការតែក្នុងម្លប់ពិតមែន ប៉ុន្តែភាពតានតឹងក្នុងអារម្មណ៍ពិតជាមានកម្រិតខ្ពស់ខ្លាំងណាស់។ ដូច្នេះហើយ ប្រសិនបើបរិយាកាសក្នុងការិយាល័យមិនសូវស្រស់ស្រាយទៀតនោះ បុគ្គលិកនឹងស្ត្រេសថែមមួយកម្រិតទៀត។ ថ្ងៃនេះ KHB Media News សូមលើកយកតិចនិច 7 យ៉ាង ក្នុងការតុបតែងការិយាល័យ ដើម្បីឲ្យបុគ្គលិកមានអារម្មណ៍ចង់ធ្វើការ មកធ្វើការបង្ហាញជូនដូចខាងក្រោម។ 1. មានពន្លឺព្រះអាទិត្យចាំងចូល រូបភាព៖ www.sanook.com ដើម្បីឲ្យបរិយាកាសក្នុងការិយាល័យមានភាពស្រស់ស្រាយ ក្នុងបន្ទប់គួរតែមានកញ្ចក់ព័ទ្ធជុំវិញ​ ដើម្បីឲ្យពន្លឺព្រះអាទិត្យឆ្លុះចូល ព្រោះពន្លឺអាចធ្វើឲ្យបុគ្គលិកមានអារម្មណ៍ធូរស្រាល ចង់ធ្វើការ និងអាចកាត់បន្ថយស្ត្រេសបានយ៉ាងច្រើនផងដែរ។ 2. កន្លែងអង្គុយលំហែដែលអាចមើលឃើញទេសភាព រូបភាព៖ www.wazzadu.com ការបំពេញការងារប្រចាំថ្ងៃតែងតែបង្កភាពតានតឹងក្នុងអារម្មណ៍ដល់បុគ្គលិក។ ដូច្នេះហើយ ការិយាល័យគួររៀបចំកន្លែងសម្រាប់អង្គុយសម្រាកលំហែកាយនៅក្បែរកញ្ចក់ ​សម្រាប់ឲ្យបុគ្គលិកមើលទេសភាពខាងក្រៅ ដើម្បីបន្ធូរបន្ថយភាពតានតឹងរបស់ពួកគាត់។​ 3. បន្ទប់សម្រាក រូបភាព៖​ https://telusinternational-europe.com ការរៀបចំបន្ទប់សម្រាកដែលមានកម្រាលព្រំពណ៌បៃតង គឺជាវិធីដ៏ល្អមួយទៀត សម្រាប់កាត់បន្ថយភាពស្ត្រេស។ បុគ្គលិកអាចចូលទៅអង្គុយសម្រាក ជជែកគ្នា ឬពិភាក្សាពីការងារ ដោយពុំមានភាពតានតឹងក្នុងការអារមុ្មណ៍។ 4. បន្ទប់កម្សាន្ដ រូបភាព៖ https://decor.mthai.com ក្រុមហ៊ុនធំៗមួយចំនួនបានរៀបចំបន្ទប់កម្សាន្ដនៅក្នុងក្រុមហ៊ុនផ្ទាល់តែម្ដង ដោយមានឧបករណ៍កម្សាន្ដសប្បាយដូចជា ហ្គេម និងស្នូឃើជាដើម។ ឧទាហរណ៍ៈ ក្នុងរូបភាពខាងលើនេះ គឺជាកន្លែងកម្សាន្ដ និងសម្រាកលំហែកាយរបស់ក្រុមហ៊ុន Zynga។ 5. ដាំដើមឈើក្នុងការិយាល័យ  រូបភាព៖ http://fizzyinc.co ការដាំដើមឈើក្នុងការការិយាល័យអាចជួយកាត់បន្ថយភាពស្ត្រេស និងធ្វើឲ្យបុគ្គលិកមានភាពស្រស់ស្រាយជាងមុនបាន។ ពេលមានអារម្មណ៍តានតឹងខ្លាំង បុគ្គលិកអាចងាកទៅមើលដើមឈើពណ៌បៃតង ដើម្បីបន្ធូរអារម្មណ៍ មុននឹងបន្តការងារទៀត។ 6. តុបតែងការិយាល័យឲ្យស្រដៀងនឹងផ្ទះ រូបភាព៖ http://www.summit-flooring.com បច្ចុប្បន្ននេះ ក្រុមហ៊ុនធំៗមួយចំនួននៅលើពិភពលោកដូចជា Google, Apple និងក្រុមហ៊ុនផ្សេងទៀត បានចាប់ផ្ដើមតុបតែងការិយាល័យឲ្យស្រដៀងនឹងផ្ទះ ក្នុងគោលបំណងធ្វើឲ្យបុគ្គលិកមានអារម្មណ៍ធូរស្រាល ពុំមានភាពតានតឹងខ្លាំង។ នៅពេលធ្វើការក្នុងបរិយាកាសបែបនេះ បុគ្គលិកអាចស្វែងរកគំនិតល្អៗបានច្រើនជាងមុន។ 7. តុបតែងការិយាល័យស្រដៀងនឹងហាងកាហ្វេ រូបភាព៖ https://serendipitylabs.com ហាងកាហ្វេ គឺជាកន្លែងអង្គុយសម្រាកខួរក្បាលមួយ ដែលប្រជាពលរដ្ឋកម្ពុជានិយមចូលចិត្ត ព្រោះអាចនិយាយជជែកគ្នាលេង ហើយថែមទាំងអាចអង្គុយធ្វើការ ដោយមានអារម្មណ៍ធូរស្បោយថែមទៀតផង។ ដូច្នេះហើយ ប្រសិនបើការិយាល័យអាចតុបតែងស្រដៀងនឹងហាងកាហ្វេបាន គឺជាពិតជាល្អណាស់ ព្រោះបុគ្គលិកមិនសូវមានភាពតានតឹងក្នុងការអារម្មណ៍ និងអាចបំពេញការងារបានច្រើនជាងមុន។  
អត្ថបទដោយ: Medikan