គម្រោងសំណង់យក្សទាំង ៥ នៅជុំវិញពិភពលោក​ ដែលគួរឲ្យស្ងើចសរសើរ

គម្រោងសំណង់យក្សទាំង ៥ នៅជុំវិញពិភពលោក​ ដែលគួរឲ្យស្ងើចសរសើរ

ថ្មីៗនេះ គេហទំព័រ The Balance SMB បានបង្ហាញឲ្យឃើញពីគ​ម្រោងយក្សទាំង ៥ នៅជុំវិញពិភពលោក ដែលជាសំណង់ធំៗ ចំណាយទឹកប្រាក់អស់រាប់លានដុល្លារ។ តើមានគម្រោងអ្វីខ្លះ? 1. អាកាសយានដ្ឋានអន្តរជាតិ Al Maktoum នៅទីក្រុងឌូបៃ អាកាសយានដ្ឋានអន្តរជាតិមួយនេះ ត្រូវបានសាងសង់ឡើង ដើម្បីឲ្យយន្តហោះខ្នាតធំចំនួន ២០០ គ្រឿងអាចចុះចតបានក្នុងពេលតែមួយ និងលាតសន្ធឹងលើផ្ទៃដីប្រមាណ ៣៣.៧៩ គីឡូម៉ែត្រការ៉េ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៨ នេះ។ ការពង្រីកក្នុងដំណាក់កាលទី ២ របស់អាកាសយាន្តដ្ឋានមួយនេះ មានតម្លៃប្រមាណ ៣២ ពាន់លានដុល្លារអាមេរិក។ 2. ទីក្រុងឧស្សាហកម្ម Jubil II នៃប្រទេសអារ៉ាបីសាអូឌីត  គម្រោងទីក្រុងឧស្សាហកម្មរយៈពេល ២២ ឆ្នាំ បានចាប់ផ្តើមដំណាក់កាលទី ២ របស់ខ្លួនហើយនៅក្នុងឆ្នាំ ២០១៤ និងចំណាយទឹកប្រាក់អស់ ១១ ពាន់លានដុល្លារ។ នៅពេលដែលការសាងសង់មួយនេះត្រូវបានបញ្ចប់ យ៉ាងហោចណាស់មានរោងចក្រឧស្សាហកម្មចំនួន​ ១០០ លើផ្ទៃដីប្រមាណ ៨០ ម៉ឺនម៉ែត្រគូប ហើយថែមទាំងមានផ្លូវដែក ផ្លូវថ្នល់ ផ្លូវហាយវ៉េ និងរោងចក្រប្រេង ដែលអាចចំរាញ់បានយ៉ាងតិច ៣៥ ម៉ឺនធុងក្នុងមួយថ្ងៃ។ គម្រោងមួយនេះគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៤។ 3. Dubailand នៅទីក្រុងឌូបៃ  គម្រោងមួយនេះលាតសន្ធឹងលើផ្ទៃដី ២៧៨ គីឡូម៉ែត្រការ៉េ ដោយចំណាយថវិកាសាងសង់ចំនួន ៦៤ ពាន់លានដុល្លារ ហើយនឹងចែកចេញជា ៦ ផ្នែករួមមាន៖ ឧទ្យានកំសាន្ត កីឡាដ្ឋាន ទេសចរណ៍ធម្មជាតិ កន្លែងផ្តល់សេវាកម្មសុខភាព វិទ្យាសាស្រ្ត និងសណ្ឋាគារ។ ក្នុងគម្រោងនេះ ថែមទាំងមានសណ្ឋាគារធំជាងគេបង្អស់នៅលើពិភពលោក ដែលមាន ៦៥០០ បន្ទប់ និងផ្សារទំហំ ៣០៤៨ គីឡូម៉ែត្រផងដែរ។ ការសាងសង់នឹងបញ្ចប់នៅឆ្នាំ ២០២៥។ 4. ស្ថានីយអវកាសអន្តរជាតិ ស្ថានីយអវកាសអន្តរជាតិនេះ វិលជុំវិញផែនដីរៀងរាល់ ៩២ នាទីម្តង និងបង្កើតឡើងដោយសម្ព័ន្ធក្រុមហ៊ុនចំនួន ១៥ និងភ្នាក់ងារអវកាសចំនួន ៥ ដែលបច្ចុប្បន្នគ្រោងនឹងចំណាយលើការសាងសង់លើសពី ៦០ ពាន់លានដុល្លារ។ 5. គម្រោងផ្ទេរទឹកពីភាគខាងត្បូងទៅភាគខាងជើងនៃប្រទេសចិន ភាគខាងជើងនៃប្រទេសចិនមានប្រជាពលរដ្ឋរស់នៅស្ទើរតែ ៥០% នៃប្រជាជនសរុប ប៉ុន្តែមានប្រហែលជា ២០% ប៉ុណ្ណោះ ដែលមានប្រភពទឹកសម្រាប់ប្រើប្រាស់។ ដើម្បីដោះស្រាយនូវបញ្ហាមួយនេះ ប្រទេសចិនបានផ្តល់មូលនិធិសាងសង់ប្រឡាយធំៗចំនួន ៣ ដែលប្រឡាយនីមួយៗវែងជាង ៩៦៥.៦ គីឡូម៉ែត្រ និងនាំទឹកទៅកាន់ទន្លេធំជាងគេទាំង ៣ នៅភាគខាងជើងនៃប្រទេសចិន។ គម្រោងនេះត្រូវចំណាយពេលវេលាសាងសង់រយៈពេលយូររហូតដល់ ៤៨ ឆ្នាំ។ នៅពេលដែលគម្រោងនេះត្រូវបានសាងសង់រួច វានឹងអាចផ្គត់ផ្គង់ទឹកបាន ៤៤ ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំ៕

អត្ថបទដោយ: Sreyluch