ស្ពានអាកាសផ្សារដីហុយនឹងសម្ភោធជាផ្លូវការនៅថ្ងៃ ២ កក្កដានេះ!

ស្ពានអាកាសផ្សារដីហុយនឹងសម្ភោធជាផ្លូវការនៅថ្ងៃ ២ កក្កដានេះ!

ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ដែលប្រជាពលរដ្ឋតែងហៅថា​ ស្ពានអាកាសផ្សារដីហុយ ត្រូវបានបញ្ចប់ការសាងសង់ និង ដាក់ឱ្យធ្វើចរាចរណ៍បណ្តោះអាសន្នតាំងពីពាក់កណ្តាលខែមេសា កន្លងទៅនេះ ដោយរង់ចាំតែថ្ងៃបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាអចិន្ត្រៃយ៍តែប៉ុណ្ណោះ។ ជាលទ្ធផល នាថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ស្ពានអាកាសប្រវែងជាង ៩០០ ម៉ែត្រនេះ នឹងត្រូវដាក់សម្ភោធឱ្យធ្វើដំណើរឆ្លងកាត់ជាផ្លូវការហើយ បន្ទាប់ពីបានរៀបចាំហេដ្ឋារចនាសម្ព័ន្ធលើស្ពានរួចរាល់ ដូចជា ការគូសគំនូសផ្លូវ លាភពណ៌បង្កាន់ដៃ និង ដាក់អំពូលភ្លើងតាមស្ពានជាដើម។ល។ គួររំឭកថា​ ស្ពានអាកាសនេះជាប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និង ផ្លូវហាណូយ ដែលមានប្រវែងស្ពាន ៩០៥ ម៉ែត្រ ទទឹង ១៦.៥ ម៉ែត្រ និង បានបើកការដ្ឋានសាងសង់កាលពីចុងខែមេសា ឆ្នាំ ២០១៦។ ដោយឡែកសម្រាប់តម្លៃសាងសង់នៃស្ពានអាកាសផ្សារដីហុយនេះវិញ ពុំត្រូវបានបញ្ជាក់ឡើយ ព្រោះស្ពាននេះស្ថិតក្នុងគម្រោងផ្លូវក្រវ៉ាត់ក្រុងទី២ ដែលមានប្រវែងផ្លូវសរុប ១៦.៥ គីឡូម៉ែត្រ និង តម្លៃសរុបទាំងស្ពានទាំងផ្លូវ ប្រមាណ ៦១ លានដុល្លារអាមេរិច ដែលជាគម្រោងហិរញ្ញប្បទានរបស់សាធារណៈរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និង សាងសង់ដោយក្រុមហ៊ុនសៀងហៃ ព្រមទាំត្រួតពិនិត្យបច្ចេក​ទេសដោយក្រសួងសាធារណៈការ និង ដឹងជញ្ជូន។ ទន្ទឹមនឹងមានពិធីសម្ភោធស្ពានអាកាសផ្សារដីហុយ ដែលជាស្ពានអាកាសទី៥ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ចំណុចនេះ ពីការពង្វាងចរាចណ៍ ដើម្បីបញ្ចៀសការកកស្ទះ និង រក្សានូវសុវត្ថិភាព សន្តិសុខ ដោយត្រូវធ្វើដំណើរតាមផ្លូវវាងដូចខាងក្រោមនេះ៖ ១. ចំពោះរថយន្តដែលចរាចរណ៍មកពីទិសខាងលិច តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ពីព្រលានយន្តហោះចូលរាជធានីភ្នំពេញ ត្រូវធ្វើដំណើរតាមផ្លូវពង្វាងទៅផ្លូវលេខ ២០០៤ បត់ស្តាំទៅទិសខាងត្បូង ឬ ផ្លូវលេខ ២០១១ បត់ឆ្វេងទៅទិសខាងជើង ឬបត់ស្តាំទៅទិសខាងត្បូងតាមផ្លូវបេតុងឆ្ពោះទៅកាន់វត្តអង្គតាមិញ។ ២. ចំពោះរថយន្តដែលចរាចរណ៍តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅចេញក្រៅរាជធានី ត្រូវធ្វើដំណើរតាមផ្លូវពង្វាងបត់ឆ្វេង ក្រោមស្ពានអាកាស ចូលផ្លូវណ័រប្រ៊ីត ឬបត់ស្តាំត្រង់ចំណុចក្រោមស្ពានអាកាស ទៅមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ។ ៣. ចំពោះរថយន្តចរាចរណ៍ពីទិសខាងជើងទៅទិសខាងត្បូង និង ពីទិសខាងត្បូងទៅទិសខាងជើងតាម​មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ និងផ្លូវលេខ ១០១៩ (ណ័រប្រ៊ីត) ត្រង់ចំណុចក្រោមស្ពានអាកាសនេះអនុញ្ញាតឱ្យចរាចរណ៍ធម្មតា។  

អត្ថបទដោយ: Sreyluch