ភ្នំពេញនឹងមានស្ពានអាកាសបន្ថែមទៀតក្រោយស្ពានអាកាសចោមចៅបញ្ចប់

ភ្នំពេញនឹងមានស្ពានអាកាសបន្ថែមទៀតក្រោយស្ពានអាកាសចោមចៅបញ្ចប់

ស្ពានអាកាស និង ផ្លូវក្រោមដីរង្វង់ចោមចៅ ដែលជាស្ពានអាកាសទី៦ នៅក្នុងទីក្រុងភ្នំពេញ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ក្រោយមានការសិក្សាយ៉ាងម៉ត់ចត់ នឹងត្រូវសាងសង់ដោយក្រុមហ៊ុនវិនិយោគ​ទុនអណិកជនកម្ពុជា ដែលហៅកាត់ថា OCIC។ គម្រោងនេះនឹងចំណាយថរិកាប្រមាណជាង ២០ លានដុល្លារសហរដ្ឋអាមេរិច ក្រោមការសាងសង់រយៈពេល ២ ឆ្នាំកន្លះ។ មានប្រសាសន៍នៅឯពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស និង ផ្លូវក្រោមដីរង្វង់មូលចោមចៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានបញ្ជាក់ថា វត្តមានផ្លូវក្រោមដី និង ស្ពានអាកាសថ្មីនេះនឹងត្រូវចំនាយថរិកាប្រមាណ ២២ លានដុល្លារសហដ្ឋអាមេរិច ដោយចំណាយពេល​សាងសង់ចំនួន ៣០ ខែ។ មិនតែប៉ុណ្ណោះសម្តេចបានបង្ហើបទៀតថានឹងមានស្ពានអាកាសថ្មីៗនៅកន្លែងផ្សេងទៀត ក្រោយពេលបញ្ចប់ការដ្ឋានមួយនេះ។ «យើងមិនមែន ត្រឹមតែធ្វើស្ពានបន្ថែមតែមួយហ្នឹងទេ ដោយអាជ្ញាធរកំពុងសិក្សាធ្វើស្ពាននៅកន្លែងដទៃទៀត»។ ទោះបីជាសម្តេចនាយករដ្ឋមន្ត្រី មិនបានបញ្ជាក់ពីគម្រោងស្ពានអាកាសទី៧នេះក្តី ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញ ធ្លាប់បានបង្ហើបពីគម្រោងស្ថាបនាស្ពានអាកាស​ និង ផ្លូវក្រោមដីមួយទៅនៅចំនុច ស្តុបវិមានធនាគារកាណាឌីយ៉ា ហៅស្តុបបេកាសេ។ គម្រោងស្ថាបនាដែលនឹងមានប្រព័ន្ធផ្លុវរូងក្រោមដី និង ស្ពានអាកាស ដែលស្រដៀងគ្នាទៅនឹងប្រព័ន្ធស្ពានអាកាសទិចណូ ដែលជាស្ពានអាកាសទី៤នៅភ្នំពេញ ដែលទំនងជានឹងត្រូវស្ថាបនាឡើង និង​ផ្តល់ហិរញ្ញបទាន ដោយ ក្រុមហ៊ុន OCIC ផងដែរ ដោយសារតែក្រុមហ៊ុនមានស្នាក់ការនៅក្នុងអគារធនាគារកាណាឌីយ៉ានេះស្រាប់។ ការស្ថាបនាស្ពានអាកាសរង្វង់មូលចោមចៅនេះ​ បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅចំណុចនេះ ពិសេសផ្លូវនេះក៏ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ការដឹកទំនិញឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣ និង ផ្លូវជាតិលេខ៤ ដែលភ្ជាប់ទៅខេត្តព្រះស៊ីហនុ ដែលជាខេត្តមានកំពង់ផែសមុទ្រទឹកជ្រៅនៅកម្ពុជា ក្នុងការផ្លាស់ប្តូរទំនិញចេញចូលក្នុង និងក្រៅប្រទេស។ បច្ចុប្បន្នកម្ពុជាយើងមានស្ពានអាការចំនួន៥ រួចមកហើយដែលរួមមាន៖ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា (ពេទ្យលោកសង្ឃ) ស្ពានអាកាស៥មករា (តិចណូ) និង ស្ពានអាកាសផ្សារដីហុយ ដែលនឹងសម្ភោធដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕ គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានស្ថាបនាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ពាន​និង ផ្លូវ និង សេវាដឹកជញ្ជូនសាធារណៈជាបន្តបន្ទាប់ ដោយសារតែរាជធានីភ្នំពេញ ដែលមានក្រលាផ្លៃ ជាង ៦៧៨ គីឡូម៉ែត្រនេះ មានប្រជាជនរហូងដល់ជាង ៤លាននាក់ នឹងមានរថយន្តជាង ៤០មឺុនគ្រឿង និង ម៉ូតូជាង ១,២លានគ្រឿង ដែលនាំឲ្យការធ្វើចរាចរណ៍ចង្អៀតស្ទើរគ្រប់ពេលវេលា។

អត្ថបទដោយ: Sreyluch