សេចក្តីជូនដំណឹងពីផ្លូវពង្វាង បិទរង្វង់មូលចោមចៅនាថ្ងៃស្អែកនេះ!
គម្រោងសាងសង់ ស្ពានអាកាស និង ផ្លូវក្រោមដី ត្រង់ចំណុចរង្វង់មូលចោមចៅនឹងត្រូវបើកការដ្ឋានសាងសង់នាថ្ងៃស្អែកនេះ បន្ទាប់ពីគម្រោងមួយនេះត្រូវបានឯកភាពឱ្យមានការសាងសង់ជាផ្លូវការ។ ដើម្បីបន្ធូរការកកស្ទះ និងសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរទាំងអស់ដែលធ្វើដំណើរឆ្លងកាត់តាមវង្វង់មូលចោមចៅនេះមិនថាតែចូលក្រុង ឬ ចេញពីក្រុងទៅតាមផ្លូវជាតិផ្សេងៗ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងត្រៀមបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយ រួមជាមួយនឹងផ្លូវក្រោមដី ដែលគម្រោងប្លង់ត្រូវបានរៀបចំរួចរាល់ហើយ។ ជាការជម្រាបដំណឹងទៅកាន់បងប្អូនអ្នកដំណើរទាំងអស់គ្នា ពីការរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស និង ផ្លូវក្រោមដីរង្វង់មូលចោមចៅ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ បានចេញផ្សាយនូវសេចក្តីជូនដំណឹង ពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវវេងស្រេង និង មហាវិថីសហព័ន្ធរុស្ស៊ី នៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៨ នៅវេលាម៉ោង ០៤ : ០០ នាទីព្រឹក រហូតដល់ម៉ោង ១២ : ០០ នាទីរសៀល ដោយបានរៀបចំផ្លូវពង្វាងមួយចំនួន ដែលមានខ្លឺមសារដូចខាងក្រោម ៖ ១. ចំពោះរថយន្តដែលចរាចរណ៍មកពីទិសខាងលិច តាមបណ្តោយផ្លូវជាតិលេខ៤ ចូលរាជធានី ត្រូវធ្វើដំណើរតាមផ្លូវពង្វាងទៅតាមផ្លូវបែកចាន បត់ស្តាំទៅទិសខាងត្បូង ឬ ផ្លូវកប់ស្រូវ បត់ឆ្វេងទៅទិសខាងជើង។ ២. ចំពោះរថយន្តដែលចរាចរណ៍មកពីផ្លូវជាតិលេខ៣ ចូលរាជធានី ត្រូវធ្វើដំណើរតាមផ្លូវពង្វាងបត់ស្តាំទៅតាមផ្លូវព្រៃស មុខវត្តស្លែង ឬ តាមផ្លូវទួលពង្រ បត់ស្តាំតាមផ្លូវ៣០ម៉ែត្រឆ្ពោះទៅផ្លូវចោមចៅ។ ៣. ចំពោះរថយន្តធ្វើចរាចរណ៍តាមផ្លូវចោមចៅ ចេញក្រៅរាជធានីទៅផ្លូវជាតិលេខ៣ ត្រូវធ្វើដំណើរតាមផ្លូវទួលពង្រ បត់ឆ្វេងត្រង់ចំណុចស្តុប។ ៤. ចំពោះចរាចរណ៍ពីចោមចៅឆ្ពោះទៅផ្លូវជាតិលេខ៤ អនុញ្ញាតឱ្យចរាចរណ៍ធម្មតា។