ទីក្រុងចំនួន៣របស់កម្ពុជាបានឈ្នះជ័យលាភីទីក្រុងស្អាតអាស៊ាន

ទីក្រុងចំនួន៣របស់កម្ពុជាបានឈ្នះជ័យលាភីទីក្រុងស្អាតអាស៊ាន

ទីក្រុងឆ្នើមរបស់កម្ពុជាចំនួន៣ នឹងទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើ​ក​ទី២ (Asean Clean Tourist City Standard Award) នៅ​ទីក្រុង​បាន​ដា​ស៊េរី​បេ​ហ្កា​វ៉ាន់ ប្រទេស​ព្រុយ​ណេ នៅពាក់កណ្តាលខែមករា ឆ្នាំ​២០២០​ខាងមុខនេះ។

ទីក្រុង​ឆ្នើម​ទាំង​៣​នោះ​រួមមាន ខណ្ឌដូនពេញ (​រាជធានី​ភ្នំពេញ​), ក្រុង​កំពត (​ខេត្តកំពត​) និង​ក្រុង​តាខ្មៅ (​ខេត្តកណ្តាល​)​។ នេះបើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍កម្ពុជា។

ថ្លែងប្រាប់ KHB Media លោក ជុក ជំនោរ អ្ន​កនាំពាក្យក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃយ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈ​កម្មាធិការវាយតម្លៃទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ានបានប្រកាសថា មានក្រុងរបស់កម្ពុជាចំនួ​ន ​៣ ដែលបានឈ្នះជ័យលាភីទីក្រុងទេសចរណ៍ស្អាត នៅក្នុងតំបន់អាស៊ាន។

លោកថា ជ័យលាភីទីក្រុងទេសចរណ៍ស្អាត នៅក្នុងតំបន់អាស៊ានមានសុពលភាព រយៈ​ពេល៣ឆ្នាំ ហើយនេះគឺ​ជាលើក​ទី២​ហើយ ដែលកម្ពុ​ជាបានចូលរួម។  លោកថា ទីក្រុង​ឆ្នើម​​ទាំង​៣​របស់កម្ពុជា ដែលទទួលបានជ័យលាភីនេះ គឺបានឆ្លើយតប និងមានលក្ខ​ណៈសម្បត្តិគ្រប់គ្រាន់ទៅនឹងសូចនាកររបស់ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

អ្ន​កនាំពាក្យក្រសួងទេសចរណ៍រូបនេះ បានចាត់ទុកថា ជ័យលាភីទីក្រុងទេសចរណ៍ស្អាតទាំង៣របស់កម្ពុជា នៅក្នុងតំបន់អាស៊ាននេះ គឺពិតជាបានបង្ហាញពីការខិតខំ​ប្រឹង​ប្រែង​របស់​អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋាភិបាលកម្ពុជា។

មិនតែប៉ុណ្ណោះ​ ជ័យលាភីនេះ នឹងធ្វើឲ្យពិភពលោកបានស្គាល់ពីសក្តានុពលកម្ពុជាកាន់​តែខ្លាំង ហើយកម្ពុជារំពឹងថា  ជ័យលាភី​ទីក្រុង​ទេស​ចរណ៍​ស្អាត​អាស៊ាន នឹងកាន់តែបង្កើ​នភ្ញៀវទេសចរនៅក្នុងតំបន់អាស៊ាន និងពិភព​លោក​មក​កាន់កម្ពុជាកាន់ច្រើន​។ ជាងនេះទៀត វានឹងធ្វើឲ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរថែមទៀតផង។

ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន ត្រូវបានដឹកនាំរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា តាំងពីឆ្នាំ ២០១១ ដើម្បីឆ្លើយតបតាមសំណូមពររបស់រដ្ឋមន្ត្រីទេសចរណ៍អា​ស៊ា​ន​ នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១១ នៅរាជធានីភ្នំពេញ។  ស្តង់ដារនេះត្រូវបានអនុម័ត និងដាក់ឲ្យអនុវត្តជាផ្លូវការដោយកិច្ចប្រជុំរដ្ឋមន្ត្រីទេស​ច​រ​ណ៍អាស៊ាននាឱកាសវេទិកាទេសចរណ៍អាស៊ានកាលឆ្នាំ២០១៥។

ការគ្រប់គ្រង​សំណល​រឹង ការរក្សា​ភាព​ស្អាត​នៅតាម​ទីសាធារណៈ ការរៀបចំ និង​ថែទាំ​បង្គន់​អនាម័យ​សាធារណៈ ការរៀបចំ​សាងសង់​បន្ថែម និង​ពង្រឹង​ការគ្រប់គ្រង​មជ្ឈ​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ និង ពង្រឹង​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​​ គឺ​សុទ្ធតែជា​បញ្ហា​ចម្បង ដែល​បេក្ខភាព​ប្រឡង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ត្រូវ​ដោះស្រាយ​មុនគេ ដើម្បី​ប្រជែង​យក​ជ័យលាភី​សម្រាប់​ប្រទេស​កម្ពុជា​។ នេះ​ជាការ​លើកឡើង​របស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅក្នុងពិធីបុណ្យសមុទ្រនាខេត្តកំពត​។

គួរបញ្ជាក់ថា បេក្ខភាពដែលបានចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ ខាងលើនេះរួមមាន៖ ក្រុងកំពត (ខេត្តកំពត), ខណ្ឌដូនពេញ (រាជធានីភ្នំពេញ), ក្រុងកំពង់ចាម (ខេត្តកំពង់ចាម), ក្រុងពោធិ៍សាត់ (ខេត្តពោ​ធិ៍សាត់), ក្រុងតាខ្មៅ (ខេត្តកណ្តាល), និងក្រុងកំពង់ឆ្នាំង (ខេត្តកំពង់ឆ្នាំង)។

ប៉ុន្តែជាលទ្ធផល  មានតែទីក្រុង​ឆ្នើម​ចំនួន​៣ប៉ុណ្ណោះដែលបានឈ្នះជ័យលាភី ​ក្នុងនោះមាន ខណ្ឌដូនពេញ (​រាជធានី​ភ្នំពេញ​), ក្រុង​កំពត (​ខេត្តកំពត​) និង​ក្រុង​តាខ្មៅ (​ខេត្តកណ្តាល​)​ ដែលអាចទទួលបានជ័យលាភីក្នុងការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី២ សម្រាប់ឆ្នាំ២០២០-២០២២ នាឱកាសវេទិកាទេសចរណ៍អាស៊ាន (ATF) នៅប្រទេសប្រ៊ុយណេដារូសាឡឹម នាដើមខែមករា ក្នុងឆ្នាំ២០២០ខាងមុខ៕

អត្ថបទដោយ: Pisey