សម្តេចតេជោហ៊ុនសែន៖ ជំរុញឲ្យពន្លឿនការដំឡើងរោងចក្រអគ្គិសនីនៅល្វាឯម
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យ ក្រសួងរ៉ែនឹងថាមពល ឲ្យពន្លឿនការដំឡើងរោងចក្រអគ្គីសនីដើរដោយប្រេងឥន្ទនៈ កម្លាំង ៤០០មេហ្គាវ៉ាត់បន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យទាន់រដូវប្រាំងឆ្នាំនេះខណះពេលដែលការផ្គត់ផ្គង់អគ្គីសនីកំពុងខ្វះខាត។
សម្តេចតេជោ ហ៊ុនសែនថ្លែងបែបនេះ ក្នុងពេលដែល សម្តេចចូលរួមជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏ជាតិឆ្នាំ២០១៩-២០២៣។
ម៉ាស៊ីនភ្លើងដែលមានថាមពលចំនួន៤០០មេហ្កាវ៉ាត់នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាធ្វើការបញ្ជាទិញ ពីប្រទេសអាល្លឺម៉ង់ និងហ្វាំងឡង់។ ក្នុងនោះ កម្ពុជាបានទិញថាមពលអគ្គីសនីចំនួន២០០មេហ្កាវ៉ាត់ ពីប្រទេសអាល្លឺម៉ង់ និង ២០០មេហ្កាវ៉ាត់ ពីប្រទេសហ្វាំងឡង់ ដោយថាមពលដែលបានទិញទាំងអស់នោះនឹងត្រូវដំឡើងនៅនៅល្វាឯមដើម្បីរុញថាមពលភ្លើងទាំងអស់ចូលទីក្រុងភ្នំពេញសម្រាប់បីផ្គត់ផ្គង់នៅរដូវប្រាំងនេះ។
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា៖« អ្វីដែលមានការព្រួយបារម្ភនោះគឺវារីអគ្គីសនីរបស់យើងបាននិងកំពុងខ្វះខាតទឹកទៀត។ ដោយការផលិតអគ្គីសនីរបស់យើងដែលមានកម្លាំង១.៨០០មេហ្កាវ៉ាត់ ប៉ុន្តែសម្រេចបានត្រឹមតែ១៨៤ទៅ៦៨៧មេហ្កាវ៉ាត់តែប៉ុណ្ណោះ»។
សម្តេចតេជោហ៊ុនសែនមានប្រសាសន៏បន្តថា៖« ស្ថានភាពកំពុងធ្លាក់ចុះនេះ ហើយដោយត្រូវបន្ថែមថាមពលមួយចំនួនដូចជារោងចក្រដើរដោយធ្យូងថ្ម រោងចក្រដើរដោយពន្លឺព្រះអាទិត្យ និងការនាំចូលពីប្រទេសឡាវជាដើម»។
សម្តេចបានបន្តទៀតថា៖«ម្ចាស់សណ្ឋាគារ រោងចក្រ សហគ្រាសដែលមានម៉ាស៊ីនផ្ទាល់ខ្លួន ស្របពេលដែលមានការចាំបាច់និងការកាត់ផ្តាច់ភ្លើងដោយប្រការណាមួយត្រូវប្រើប្រាស់ម៉ាស៊ីនខ្លួនឯងបណ្តោះអាសន្ន។»
កាលពីពេលថ្មីៗនេះរាជរដ្ឋាភិបាលទើបដាក់ដំណើរការថាមពល២០មេហ្កវ៉ាត់បន្ថែមពីលើស្ថានីយថាមពល ដើរដោយពន្លឺព្រះអាទិត្យ ចំនួន៦០មេហ្កវ៉ាត់ ដើម្បីផ្គត់ផ្គង់ពីការខ្វះខាតថាមពលប្រើប្រាស់នារដូវប្រាំងខាងមុខនេះ។ ស្ថានីយដើរដោយពន្លឺព្រះអាទិត្យមានទីតាំងស្ថិតនៅភូមិត្មាតពង ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជិតភ្នំប្រសិទ្ធលើផ្ទៃដី ទំហំ១១៥ហិកតា។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាមានស្ថានីយវារីអគ្គីសនីជាច្រើនដែរសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេសដែលមានដូចជា ១)ទំនប់វារីអគ្គិសនី សេសានក្រោមពីរ (៤០០មេហ្កាវ៉ាត់ ខេត្តស្ទឹងត្រែង) ២) វារីអគ្គីសនីគីរីរម្យ១ (១២ មេហ្កាវ៉ាត់ ខេត្តកំពង់ស្ពឺ) ៣) វារីអគ្គីសនីស្ទឹងឫស្សីជ្រុំក្រោម( ៣៣៨មេហ្គាវ៉ាត់ ខេត្តកោះកុង) ៤) វារីអគ្គីសនីកំចាយ ( ១៩៤. ១មេហ្គាវ៉ាត់ ខេត្តកំពត) ៥) វារីអគ្គីសនីគិរីរម្យ៣ ( ១៨មេហ្គាវ៉ាត់ កោះកុង) ៦) វារីអគ្គីសនីស្ទឹង អាតៃ ( ១២០មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់) ៧) វារីអគ្គីសនីស្ទឹងតាតៃ ( ២៤៦មេហ្គាវ៉ាត់ កោះកុង)៕