អ្នកជំនាញថា៖ ទីផ្សារអចលនទ្រព្យបែបលំហែកាយនឹងមានតម្រូវការខ្ពស់ក្នុងរយៈពេល៥ឆ្នាំទៀត!

អ្នកជំនាញថា៖ ទីផ្សារអចលនទ្រព្យបែបលំហែកាយនឹងមានតម្រូវការខ្ពស់ក្នុងរយៈពេល៥ឆ្នាំទៀត!

ភ្នំពេញ៖ អ្នកជំនាញផ្នែកអចលនទ្រព្យបានឲ្យដឹងថា ទីផ្សារអចលនទ្រព្យបែបលំហែកាយ ឬ សម្រាប់ភ្ញៀវទេសចរ​ចូល​​និវត្តន៍ ​បែបធម្មជាតិនៅកម្ពុជាមិនទាន់មានការពេញនិយមឡើយសម្រាប់ពេលបច្ចុប្បន្ន ប៉ុន្តែ​ទីផ្សារ​មួយ​​នេះ នឹងមានតម្រូវការច្រើនក្នុងរយៈពេលប្រមាណ៥ឆ្នាំទៀត។

ការសាងសង់ផ្ទះបែបលំហែកាយបែបធម្មជាតិ នឹងមានការពេញនិយមនៅឆ្នាំ ២០២៥ ជាពិសេសនៅ តំបន់ជាប់មាត់សមុទ្រ និងភ្នំ។ ក្នុងនោះខេត្តដែលទាក់ទាញជាគេសម្រាប់អចលនទ្រព្យប្រភេទនេះ គឺខេត្ត ព្រះសីហនុ កំពត កែប កោះកុង សៀមរាប និងបាត់ដំបង។

ទីតាំងទាំងអស់នេះគឺស័ក្តសមបំផុត និងមានសក្តានុពលក្នុងសាងសង់អចលនទ្រព្យបែបលំហែកាយ ដោយសារតែ ទីតាំងភូមិសាស្ត្រអំណោយផលល្អ ដូចជា នៅជាប់មាត់សមុទ្រ តាមបណ្តាលកោះ និងតាមជើងភ្នំ ដែលជាទីតាំងស្ងប់ស្ងាត់ និងពោរពេញទៅដោយខ្យល់អាកាសត្រជាក់បរិសុទ្ធ។

អ្នកជំនាញលើកឡើងថា កត្ដាដែលកំពុងជំរុញឱ្យផ្ទះ លំនៅឋាន ក៏ដូចជាអចលនទ្រព្យប្រភេទនេះមានការរីកចម្រើនខ្លាំង គឺដោយសារតែកម្រិតជីវភាពប្រជាជន ការផ្លាស់ប្តូររបៀបរបបនៃការរស់នៅ នឹងព្រមជានឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ផងដែរ។

លោក ប៉ូ អៀវគង់ នាយកគ្របគ្រង នៃក្រុមហ៊ុន អេស៊ារៀលអ៊ីស្ទេត ខេមបូឌា ខូអិលធីឌីមាន បានឲ្យដឹងថាប្រភេទផ្ទះលំហែកាយបែបធម្មជាតិនៅកម្ពុជានៅមានកម្រិតនៅឡើយ ហើយវិស័យនេះទាមទាររយៈពេលជាច្រើនឆ្នាំទៀត ដើម្បីអោយវិស័យលំហែកាយនេះ មានដំណើរការខ្លាំងដូចវិស័យខុនដូកាលពីឆ្នាំ២០០៩និង២០១០។

ម្យ៉ាងវិញទៀត តម្រូវការទីផ្សារប្រភទេនេះមិនទាន់មានតម្រូវការខ្លាំងនោះដែរដោយសារវប្បធម៌នៃការរស់នៅរបស់ប្រជាជនខ្មែរមិនទម្លាប់ទៅលើតថភាពបែបនេះ។

លោក អៀវគង់មានប្រសាសន៏ថា៖«​ទីផ្សារផ្ទះលំហែកាយក្នុងប្រទេសកម្ពុជានៅមានកម្រិតទាបដោយសារប្រជាជនមិនទាន់មានការបែងចែកគ្នាដាច់ពីម៉ោងធ្វើការនិងវេលាសម្រាប់សម្រាកលំហែកាយជាពិសេសដោយសារផ្ទះលំហែកាយលក្ខណះធម្មជាតិនៅតាមតំបន់ទាំងអស់នោះមិនទាន់មានសេវាថែទាំសុខភាព និងការផ្គត់ផ្គង់បានល្អ»។

លោកបានបន្តថា៖«រយះពេល៥ទៀតប្រជាជនខ្មែរនិងងាកមកចាប់អារម្មណ៏លើបរិបទមួយនេះដែលធ្វើឲ្យទីផ្សារផ្ទះលំហែកាយមានការហក់ឡើង។» លោកបានគត់សម្កាល់ដែរថា៖«​ទីផ្សារនេះ អាចនឹងមានអ្នកដែលទិញនិងជួលផ្ទះលំហែកាយភាគច្រើនជាជនជាតិបរទេសតែប៉ុណ្ណោះដោយសារបរិបទវប្បជធម៌របស់ជនជាតិបែកអឺរ៉ុប»។

ជាការពិតប្រជាពលរដ្ឋខ្មែរភាគច្រើន ជាពិសេសអ្នកមានលំនៅឋានរួចហើយនៅទីក្រុងភ្នំពេញ នឹងងាកមករស់នៅលំនៅឋានបែបធម្មជាតិបន្ថែមទៀត ដោយសារតែស្ថានភាពទីក្រុងភ្នំពេញមានការប្រែប្រួលខ្លាំង ជាពិសេសអគារពាណិជ្ជកម្មធំៗ បណ្តុំសកម្មភាពសេដ្ឋកិច្ច មានប្រជាពលរដ្ឋរស់នៅច្រើន ដែលធ្វើឱ្យពលរដ្ឋបែងចែកផ្ទះស្នាក់នៅជា២ផ្សេងគ្នា មួយសម្រាប់ធ្វើការ និងមួយទៀតសម្រាប់លំហែកាយពេលឈប់សម្រាក។

ស្រដៀងគ្នានេះដែរ លោកស្រី ក្លេស ចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជាមានប្រសាសន៏ថាបច្ចុប្បន្នសមាគមកំពុងសិក្សានិងកំពុងដំណើរការលើទីផ្សារផ្ទះលំហែកាយ(ចូលនិវត្តន៏)ជាបណ្តើរៗហើយដោយស​មា​ជិក​របស់សមាគមកំពុងធ្វើការសម្រេចចិត្តវិនិយោគលើប្រភេទផ្ទះលំហែកាយនេះ។

លោកស្រីបានបញ្ជាក់ថា៖«ទោះបីជាសមាគមកំពុងធ្វើការលើរឿងនេះក្តីក៏សមាគមបានសម្លឹងមើលពីភាព ចន្លោះរបស់វិនិយោគិនមួយចំនួនដែរ ដើម្បីធ្វើការពិភាក្សាកែតម្រូវនិងបន្ថែមពីការខ្វះខាតនេះបន្ថែមទៀត។

លោកស្រីបានបន្តថា៖« ទីផ្សារផ្គត់ផ្គង់ផ្ទះប្រភេទនេះពិតជាមានសមភាពតិចតូចខ្លាំងដោយសារប្រជាពល​រដ្ឋ​មិនបានគិតពីចំណុចទេដោយមានតែ៥ភាគរយប៉ុណ្ណោះដែលធ្វើការទិញផ្ទះលំហែកាយ។ លោកស្រីគួសបញ្ជាក់ថា៖« ការដែលទីផ្សារនេះមិនមានតម្រូវការក៏ដោយសារការចូលនិវត្តន៏របស់មនុស្សដែលមានវ័យចំណាស់ភាគច្រើនមិនចង់ចាកចេញពីគ្រួសារនិងសាច់ញាត្តិដែលខ្វះអ្នកមើលថែ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នាពេលអនាគតទីផ្សារមួយនេះនឹងរីកលូតលាស់ជាក់ជាមិនខានដោយមូលហេតុការរស់នៅក្នុងទីក្រុងមិនមានផាសុខភាពនិងមានភាពស្មុកស្មាញនិងផ្នត់គំនិតរបស់ពួកគាត់បានផ្លាស់ប្តូរដោយទីផ្សារនេះនឹងមានស្ទុះខ្លាំង។»

 

 

អត្ថបទដោយ: Oudom