ក្រុមហ៊ុនមួយបង្ហាញគម្រោងវិនិយោគសាងសង់ស្ថានីយចំណតយានយន្តទំនើប តម្លៃ១៦០លានដុល្លារនៅភ្នំពេញ

ក្រុមហ៊ុនមួយបង្ហាញគម្រោងវិនិយោគសាងសង់ស្ថានីយចំណតយានយន្តទំនើប តម្លៃ១៦០លានដុល្លារនៅភ្នំពេញ

ភ្នំពេញ៖ ក្រុមហ៊ុន China Good Cars Holding Ltd បង្ហាញគម្រោងវិនិយោគ សាងសង់ស្ថានីយចំណតយានយន្តធុនធំទំនើប នៅជាយរាជធានីភ្នំពេញ ក្នុងទឹកប្រាក់វិនិយោគប្រមាណ ១៦០លាន ដុល្លារអាមេរិក ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ។

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបជាមួយតំណាងក្រុមហ៊ុន China Good Cars Holding Ltd ដើម្បីពិភាក្សាលើគម្រោងស្នើសុំវិនិយោគលើវិស័យដឹកជញ្ជូនសាធារណៈកម្ពុជា ដែលមានទឹកប្រាក់សរុបប្រមាណ ១៦០លានដុល្លារអាមេរិក។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថាក្នុងជំហានដំបូងក្រុមហ៊ុនស្នើសុំវិនិយោគសាងសង់ស្ថានីយ៍ចំណតយានយន្តធុនធំទំនើប នៅជាយរាជធានីភ្នំពេញ ដើម្បីរំដោះចរាចរណ៍ដ៏មមាញឹកពីចំណុចកណ្តាលរាជធានី ព្រមទាំងវិនិយោគលើ គម្រោង ដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងលើបណ្តាញផ្លូវជាតិ ដើម្បីតភ្ជាប់ទៅតំបន់ក្រៅក្រុងនិងទៅបណ្តាខេត្តនានានៅជិតៗ រាជធានីភ្នំពេញ។

នាឳកាសនោះលោក ស៊ុន ចាន់ថុល បានស្វាគមន៍ និងគាំទ្រគម្រោងនេះ ដោយផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សិក្សាលើលក្ខណៈបច្ចេកទេសឱ្យបានល្អិតល្អន់ និងសុំឱ្យក្រុមហ៊ុនដាក់ពាក្យស្នើសុំវិនិយោគ ទៅច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចទទួលបានភាពអនុគ្រោះនានា ស្របទៅតាមច្បាប់វិនិយោគកម្ពុជា។

ជាការឆ្លើយតបក្រុមហ៊ុន China Good Cars Holding Ltd បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ហើយសន្យានឹងបន្តការងារទៅតាមអនុសាសន៍នានា របស់ ឯកឧត្តមទេសរដ្ឋមន្រ្តីផងដែរ៕

អត្ថបទដោយ: Nary