ប៉ាគីស្ថានគ្រោងវិនិយោគ១០ពាន់លានដុល្លារសាងសង់កោះសិប្បនិម្មិត

ប៉ាគីស្ថានគ្រោងវិនិយោគ១០ពាន់លានដុល្លារសាងសង់កោះសិប្បនិម្មិត

ប៉ាគីស្ថាន៖ រដ្ឋាភិបាលក្រុងអ៊ីស្លាមម៉ាបាដ គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ ១០​ពាន់លានដុល្លារ ដើម្បីសាងសង់កោះសិប្បនិម្មិតមួយ នៅកំពង់ផែ Gwadar ក្នុងសមុទ្រអារ៉ាប់ (Arabian Sea)  ដោយសណ្ឋាននៃកោះនោះ យកលំនាំតាមរូបព្រះចន្ទ និងផ្កាយ ដែលជានិម្មិតសញ្ញានៅលើទង់ជាតិនៃប្រទេសប៉ាគីស្ថាន។ នេះបើតាមការចុះផ្សាយរបស់កាសែត ក្នុងស្រុករបស់ប៉ាគីស្ថាន The Daily Times កាលពីសប្ដាហ៍មុន។

គម្រោងសាងសង់នេះ ត្រូវបានជំរុញ និងដឹកនាំដោយរដ្ឋាភិបាលប៉ាគីស្ថានជាមួយក្រុមហ៊ុនសំណង់គមនាគមន៍ចិន CCCC ដែលវាជាផ្នែកមួយនៃគម្រោងកែប្រែកំពង់ផែ Gwadar និងត្រូវបានបង្ហាញតាមរយៈផែនការមេ កម្រាស់ ៧៥ទំព័រ រៀបចំដោយក្រុមហ៊ុន CCCC សហការណ៍ជាមួយក្រសួងផែនការ អភិវឌ្ឍន៍ និងកំណែទម្រង់ប៉ាគីស្ថាន និង អាជ្ញាធរអភិវឌ្ឍន៍កំពង់ផែ Gwadar។

គោលដៅយុទ្ធសាស្រ្តនៃការសាងសង់កោះសិប្បនិម្មិត្តនេះ គឺដើម្បីបង្កើតក្បាលម៉ាស៊ីនអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅចុងច្រករបៀងសេដ្ឋកិច្ច ចិន-ប៉ាគីស្ថាន ដែលមានតម្លៃប្រហែល៦២ពាន់លានដុល្លារ។ ឯកសារខាងលើ បានកំណត់គោលដៅ ដោយចង់សម្រេចឲ្យបាន ការស្ថាបនា រោងចក្រថាមពលតម្លៃ ៣០ពាន់លានដុល្លារ និងការបង្កើតការងារជំនាញប្រមាណ ២លានកន្លែង។

បើតាមផែនការមេ គេរំពឹងថានឹងមានគេហដ្ឋាន ១៥.៨០០ ខ្នងនៅឆ្នាំ ២០២៥ ឬ ៤៧.៦០០ ខ្នងនៅឆ្នាំ ២០៣០ ហើយនឹងកើនដល់ ២៥៤.៥០០ខ្នង នៅក្នុងឆ្នាំ ២០៥០ ដែលនេះនឹងនាំឲ្យចំនួនប្រជាជនកើនឡើងពី ១៣៨,០០០ (ជំរឿន២០១៧) ទៅដល់ប្រមាណ ២លាននាក់។ ហើយប្រជាជនទាំងនោះនឹងមានលទ្ធភាពទទួលបាន សេវាកម្មជាច្រើនរួមមាន៖ សួនលំហែកាយ សារមន្ទីរ រោងមហោស្រព សាលប្រគុំតន្ត្រី មជ្ឈមណ្ឌលពិព័រណ៍ ក៏ដូចជាសណ្ឋាគារ ហាងលក់ទំនិញ និងការិយាល័យធ្វើការជាដើម។

គម្រោងទាំងមូលក៏រាប់បញ្ចូលផងដែរ ការសាងសង់រោងចក្រថាមពលចំនួន១៥ ដែលមានទំហំទឹកប្រាក់វិនិយោគ ៥ពាន់លានដុល្លា ការសាងសង់រោចក្រចម្រាញ់ទឹកប្រៃតម្លៃ ១ពាន់លានដុល្លារ និងការស្ថាបនាអគារខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសប៉ាគីស្ថាន។

កោះថ្មីនេះ នឹងក្លាយជាទីក្រុងមួយដែល «គ្មានការបង់ពន្ធ» និង «គ្មានអាវុធ»ដំបូងគេបង្អស់របស់ប៉ាគីស្ថាន។ ហើយសុវត្ថិភាពទីក្រុង ត្រូវបានការពារដោយ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធគ្រប់គ្រងយានយន្ត វីដេអូឃ្លាំមើលទីក្រុង និងបណ្ដាញប្រកាសអាសន្នស្វ័យប្រវ​ត្តិ។

លោក Amanullah Yasinzai អភិបាលខេត្ត Baluchistan បានលើកឡើងថា គម្រោងនេះជាការផ្លាស់ប្ដូរដ៏សំខាន់មួយ សម្រាប់​ប្រជាជនក្នុងតំបន់ ហើយវានឹងនាំមកនូវការអភិវឌ្ឍន៍ និងរួមចំណែកយ៉ាងសំខាន់ក្នុងការ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជនខេត្ត Baluchistan៕

អត្ថបទដោយ: Vasna