ខេត្តណាខ្លះនៅកម្ពុជា មានសក្តានុពល ក្នុងការផលិតអគ្គិសនីដើរដោយខ្យល់?
តាមការសិក្សារបស់ក្រុមហ៊ុនបារាំងមួយបានឱ្យដឹងថា ខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាមានសក្តានុពលក្នុងការផលិតអគ្គិសនីដើរដោយថាមពលខ្យល់។ ក្រុមហ៊ុន Blue Circle ដែលមានមូលដ្ឋាននៅបារាំងបានឱ្យដឹងកាលពីពេលកន្លងទៅថា ប្រទេសកម្ពុជាអាចបង្កើតថាមពលរហូតដល់ ៥០០ មេហ្កាវ៉ាត់ពីទួរប៊ីនខ្យល់ នៅខេត្តកំពត និងរតនគិរី។
ដោយឡែក លោក វ៉ិចទ័រ ចូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែនិងថាមពល បានឱ្យដឹងថា ខេត្តដែលមានសក្តានុពលក្នុងការផលិតអគ្គិសនីដើរដោយថាមពលខ្យល់នេះគឺជាខេត្តដែលស្ថិតនៅតាមតំបន់មាត់សមុទ្រដែលមានដូចជាខេត្តកំពត កែប និងខេត្តមួយចំនួនទៀតនៅភូមិភាគឦសាន ដូចជា ខេត្តមណ្ឌលគិរី និង រតនគីរីដែលខេត្តទាំងអស់នេះពោពេញដោយថាមពលខ្យល់។
លោកបានបញ្ជាក់ថា កម្ពុជានឹងមានការវិនិយោគលើការផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ជាលើកដំបូងនៅភ្នំបូកគោ ដែលអាចមានលទ្ធភាពផលិតថាមពលរហូតដល់៨០ មេហ្កាវ៉ាត នៅក្នុងជំហានដំបូង។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ កម្ពុជាបានប្រើប្រាស់ថាមពលចំនួន ២.៦៥០ មេហ្កាវ៉ាត់ កើនឡើង ១៥ ភាគរយ។
ថាមពលអគ្គីសនីចំនួន ៤៤២ មេហ្កាវ៉ាត់ត្រូវបាននាំចូលពីប្រទេសថៃវៀតណាមនិងឡាវក្នុងឆ្នាំ ២០១៨ ហើយនៅសល់ប៉ុន្មានត្រូវបានផលិតនៅក្នុងប្រទេសកម្ពុជាពីរោងចក្រធ្យូងថ្មទំនប់វារីអគ្គិសនីនិងរោងចក្រថាមពលពន្លឺព្រះអាទិត្យ។
លោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានលើកឡើងថា ថាមពលដែលបានមកពីខ្យល់ឬព្រះអាទិត្យគឺជាថាមពលស្អាត ដែលល្អសម្រាប់បរិស្ថាន និងមានផលប៉ះពាល់តិចតួចបើប្រៀបធៀបការផលិតចេញពីវារីអគ្គិសនី ឬប្រេងឥន្ធនៈ។ លោក មានប្រសាសន៍ថា ប្រទេសដែលគិតគូរអំពីបរិស្ថាន បានផ្តោតខ្លាំងទៅការផលិតអគ្គិសនី ដើរដោយថាមពលខ្យល់នេះ។
លោក ង៉ែត ជូ ប្រាប់បន្ថែមថា៖«នេះជារឿងល្អដែលយើង ពង្រីកផលិតថាមពលពលឱ្យមានភាពចម្រុះ ដោយមិនផ្តោតតែទៅលើវារីអគ្គិសនី ឬក៏ដោយឥន្ទៈ ព្រោះថាវារីអគ្គិសនី ឬក៏ដោយឥន្ទៈ វាប៉ះពាល់ដល់បរិស្ថាន ខ្លាំង ទៅមុខទៀតវាអាចមានបញ្ហាច្រើនឧទាហរ ណ៍ដូចជាវារីគ្គិសនីមានការបម្រែបម្រួលអាកាសធាតុ ទឹកហូរវាតិចជាមុន បរិមាណទឹកវាតិចជាងមុន ធ្វើឱ្យការផ្គត់ផ្គង់វាតិចជាងមុន»។
លោកបានលើកឡើងថា ភាគច្រើនប្រទេសធំៗនៅអ៊ឺរ៉ុប ដូចជាបារាំង កាណាដា អង់គ្លេស អេស្ប៉ាញ និងនៅអាស៊ី មានប្រទេសឥណ្ឌា និងចិន ផ្តោតខ្លាំងទៅលើការថាមពលចេញពីខ្យល់នេះផលិតច្រើនជាងគេ។
លោក ទេស ប៊ុន ហៀង អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនដំណោះស្រាយ ផ្នែកថាមពល (DES) បានពន្យល់ថា ថាមពលស្អាត គឺជាថាមពលកកើតឡើងវិញ ដែលគេទាញបានតាមរយៈខ្យល់ ឬព្រះអាទិត្យ។ លោកបន្តថា ប្រសិនបើមានការយកថាមពលពលស្អាតមកប្រើប្រាស់គឺពិតជាល្អដែលជួយដល់បរិស្ថាន។
លោកលើកឡើងថា៖«ខ្ញុំរីករាយប្រសិនបើមានការវិនិយោគទៅលើ Green Energy នៅស្រុកខ្មែរយើង ប៉ុន្តែសួរថានៅ កម្ពុជា ខ្យល់មានប៉ុន្មានភាគរយដែលអាចផលិតថាមពលពីខ្យល់បាន។ Green Energy គឺវាសំខាន់ណាស់ ដោយសារអី រាល់ថ្ងៃនេះ ម្ចាស់ក្រុមហ៊ុនមួយចំនួនប្រើលុយជាច្រើនដែលមិនគិតអំពីផលប្រយោជន៍រួម ដូចជាការប្រើប្រាស់ខ្សែភ្លើងគុណភាពអន់ ដែលនាំឱ្យឆេះអគារក៏មានដែរ»៕ ដោយ៖ ណាតា