ដឹងទេ! តើ BNI បានរួមចំណែកអ្វីខ្លះ ដល់សេដ្ឋកិច្ចកម្ពុជា?

ភ្នំពេញ៖ វត្តមានរបស់បណ្តាញទំនាក់ទំនងអន្តរជាតិ ប៊ី អិន អាយ (BNI) មកកាន់ប្រទេសកម្ពុជា បានជួយដល់ម្ចាស់អាជីវកម្មជាច្រើន ក្នុងការបង្កើតឱកាសពង្រីកមុខជំនួញជាមួយបណ្តាសមាជិកតាមរយៈការបង្កើតបណ្តាញជាដៃគូនៅគ្រប់ទីកន្លែង និងគ្រប់វិស័យ។
លោក ឡុក សាមឌី នាយកបណ្តាញទំនាក់ទំនងអន្តរជាតិប្រចាំកម្ពុជា (BNI Cambodia) បានប្រាប់ KHB Media ថា បុព្វហេតុនៃការនាំយក BNI ចូលមកក្នុងប្រទេសកម្ពុជា គឺដោយសារលោកបានចូលរួមក្នុងកិច្ចប្រជុំ BNI នៅក្រៅប្រទេស ហើយលោកបានមើលឃើញថា បណ្តាញមួយនេះ អាចជួយដល់ម្ចាស់អាជីវកម្មបានយ៉ាងច្រើន តាមរយៈការបង្កើតទៅជាក្រុមលក់ ដែលអាចជួយពួកគេបាន ដើម្បីពង្រីកអាជីវកម្ម។ ដូច្នេះ លោកក៏សម្រេចនាំយក BNI ដើម្បីជួយដល់ម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
អាជីវកម្មខ្នាតតូច ឬមធ្យម គឺជាកម្លាំងចលករដ៏ធំក្នុងការជំរុញការរីកចម្រើនដល់សេដ្ឋកិច្ចក្នុងប្រទេស និងក្រៅប្រទេស ប៉ុន្តែការបង្កើតអាជីវកម្មអាចជួបបញ្ហាប្រឈមមួយចំនួនទាក់ទងទៅនឹងការលក់ និងទីផ្សារ ដូច្នេះ BNI គឺជាទីប្រឹក្សាដ៏ល្អ សម្រាប់ពង្រីកមុខជំនួញរបស់ម្ចាស់ក្រុមហ៊ុនទាំងអស់នៅកម្ពុជា។
រយៈពេលជាង ៥ឆ្នាំមកហើយ ចំពោះវត្តមាននៅកម្ពុជា BNIមានសមាជិកប្រមាណ ៥៩០នាក់ និងមាន ១៧ Chapter និងមានសាខាចំនួន ៣ នៅក្នុងរាជធានីភ្នំពេញ ព្រមទាំងចំនួន ២សាខាទៀត កំពុងដំណើរការនៅខេត្តសៀមរាប និងខេត្តបាត់ដំបង។
លោកនាយកប្រចាំកម្ពុជារូបនេះ បង្ហាញថា ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន សមាជិករបស់ BNI សម្រេចបានលទ្ធផលនៃការលក់ជាង ៩០លានដុល្លារអាមេរិក ដែលបានបង្កើតការងារជូនដល់កម្ពុជាជិត ៣.០០០កន្លែង ដោយបានកាត់បន្ថយភាពក្រីក្រ និងរួមចំណែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានយ៉ាងច្រើន។
លោក សាមឌី អះអាងថា៖« នៅបច្ចុប្បន្ននេះ BNI មានសមាជិកប្រមាណ ៥៩០ នាក់ ហើយទស្សនវិស័យរបស់ BNI គឺចង់ជួយម្ចាស់អាជីវកម្មឱ្យបាន ៥.០០០នាក់សម្រាប់រយៈពេល ៥ឆ្នាំទៅមុខទៀត ដើម្បីឱ្យពួកគេប្រើប្រាស់បណ្តាញទំនាក់ទំនង BNI ក្នុងការពង្រីកជំនួញនៅកម្ពុជា»។
ជាមួយគ្នានោះ លោកបានលើកទឹកចិត្តដល់ម្ចាស់ក្រុមហ៊ុនទាំងអស់នៅកម្ពុជា ដែលចង់ពង្រីកអាជីវកម្ម តែខ្វះខាតនូវបណ្តាញលក់ និងទីផ្សារ អាចងាកមកចូលរួមជាមួយ BNI នៅតាមបណ្តាខេត្តក្រុងនានា៕