ក្រុងហូជីមិញប្រកាសគម្រោងអភិវឌ្ឍន៍សំណង់អគារឆ្លាតវៃ
វៀតណាម៖ តាមការចុះផ្សាយរបស់សារព័ត៌មានធុរកិច្ច Nihon Keizai បានឲ្យដឹង ថាទីក្រុងហូជីមិញ ប្រទេសវៀតណាម នឹងអភិវឌ្ឍសំណង់អគារឆ្លាតវៃ ដែលជាការវិនិយោគរួមគ្នារបស់ក្រុមហ៊ុនជប៉ុន Mit subishi Corp និងក្រុមហ៊ុន Nomura Real Estate Developmen ជាមួយនឹងក្រុមហ៊ុនក្នុងស្រុកវៀតណាម Vingroup។ ការវិនិយោគរួមគ្នានេះ ស្ថិតក្រោមគម្រោងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃក្រុងហូជីមិញ។
ក្រុមហ៊ុនជប៉ុនទាំងពីរនឹងវិនិយោគទឹកប្រាក់ប្រមាណជាង ៩០០លានដុល្លារ ទៅលើគម្រោងនេះ ហើយក្រុមហ៊ុនVinhomes ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអភិវឌ្ឍអចនទ្រព្យវៀតណាមVingroup ជាអ្នកទទួលខុសត្រូវលើការសាងសង់លំនៅឋានមួយភាគធំនៅទីនេះ។
គេរំពឹងថាគម្រោងសាងសង់នេះ នឹងត្រូវបញ្ចប់រួចរាល់នៅក្នុងឆ្នាំ២០២៣ ដែលនឹងផ្ដល់លំនៅឋានសម្រាប់ប្រជាជន ៥០,០០០ នាក់ ភ្ជាប់ជាមួយសាលារៀន មន្ទីរពេទ្យ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។
បើតាមសារព័ត៌មាន Vietnam Cons-truction អគារនីមួយៗនៃគម្រោងទីក្រុងឆ្លាតវៃនេះ នឹងមានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាសម្គាល់មុខ ដើម្បីត្រួតពិនិត្យអ្នកធ្វើដំណើរឆ្លងកាត់ និងចេញចូលក្នុងអគារ សម្រាប់រក្សាសុវត្ថិភាពអ្នករស់នៅ។ លើសពីនេះ ក៏មានផងដែរនូវ ប្រព័ន្ធរថយន្តក្រុងស្វ័យប្រវត្តិ គេហដ្ឋានឆ្លាតវៃ និង បច្ចេកវិទ្យាទំនើបៗជាច្រើនទៀត។
បើតាមអង្គការសហប្រជាជាតិ ប្រជាជនអាស៊ីប្រមាណ ៦១ ភាគរយ ត្រូវបានរំពឹងថានឹង មករស់នៅតាមទីក្រុង នៅត្រឹមឆ្នាំ ២០៤០ កើនឡើងពី ៤៧ ភាគរយនៅក្នុងឆ្នាំ ២០១៥ ។
ដូច្នេះហើយទើប បណ្ដាប្រទេសអាស៊ីភាគច្រើន យកចិត្តទឹកដាក់ខ្លាំងលើការអភិវឌ្ឍទីក្រុង និងជាពិសេសទីក្រុងឆ្លាតវៃដែលជាដំណោះស្រាយប្រសើរមួយសម្រាប់បញ្ហាកំណើនប្រជាជនតាមទីក្រុង៕