អ្នកជំនាញអចលនទ្រព្យថៃ៖ ការផ្គត់ផ្គង់ខុនដូរក្នុងទីក្រុងបាងកកនៅឆ្នាំនេះនឹងបន្តធ្លាក់ចុះ

ក្រុងបាងកក៖ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers International Thailand បានព្យាករណ៍ថា ការផ្គត់ផ្គង់ខុនដូថ្មីដែលនឹងចាប់ផ្តើមសាងសង់ក្នុងទីក្រុងបាងកកនៅឆ្នាំនេះ នឹងបន្តធ្លាក់ចុះ ដោយសារខុនដូ ដែលមិនទាន់លក់ចេញបន្តកើនឡើង ហើយតម្លៃនៅតែមានការប្រកួតប្រជែង។
បើតាមអនុប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន Colliers លោក Phattarachai Taweewong ត្រូវបានកាសែតបាងកកប៉ុស្តិ៍ដកស្រង់សំដី បានថ្លែងថា ចំនួនខុនដូដែលមិនទាន់លក់ចេញក្នុងទីក្រុងបាងកក កំពុងកើនឡើង ខណៈដែលអត្រាលក់ជាមធ្យមនៃការផ្គង់ផ្គង់ថ្មីដែលបានចាប់ផ្តើមសាងសង់នៅឆ្នាំមុនមានត្រឹមតែ ៤៦ ភាគរយប៉ុណ្ណោះ ដោយធ្លាក់ចុះ ១២ ភាគរយ ធៀបនឹងឆ្នាំ ២០១៨។
លោកបន្តថា៖ «ក្រុមហ៊ុនអភិវឌ្ឍន៍បានពន្យារពេលដាក់ដំណើរការការផ្គត់ផ្គង់ខុនដូថ្មីនៅត្រីមាសទី ៤ [ឆ្នាំមុន] រហូតដល់ឆ្នាំនេះ ដែលធ្លាក់ចុះជាង ៤០ ភាគរយ ធៀបនឹងផែនការកន្លងមក»។ យោងតាមកាសែតបាងកកប៉ុស្តិ៍ អត្រាលក់ជាមធ្យមនៃការផ្គត់ផ្គង់ខុនដូថ្មីក្នុងត្រីមាសទី ៤ បានកើនឡើងដល់ ៤៦ ភាគរយ ពី ៤០ ភាគរយ នៅត្រីមាសទី ២ និងទី ៣ និង ៤៤ ភាគរយ នៅត្រីមាសទី ១។ អត្រាលក់ដែលមានកាន់តែប្រសើរនៅក្នុងត្រីមាសទី ៤ នេះ កើតមានឡើងដោយសារបរិមាណផ្គត់ផ្គង់ទាបជាងមុន។
លោក Phattarachai បានថ្លែងថា ជាងពាក់កណ្តាលនៃគម្រោងខុនដូថ្មី ដែលបានចាប់ផ្តើមសាងសង់នៅឆ្នាំមុន មានអត្រាលក់តិចជាង ៣០ ភាគរយ។ គម្រោងមួយចំនួនមានអត្រាលក់ទាបរហូតដល់ ៥ ភាគរយ។ លោកថ្លែងថា៖ «ក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនដែលមានអត្រាលក់ទាបសម្រាប់ខុនដូ បានផ្លាស់ប្តូរទៅអភិវឌ្ឍន៍ជាសណ្ឋាគារជំនួសវិញ។ ក្រុមហ៊ុនខ្លះបានលុបគម្រោងចោល បានប្រគល់លុយកក់ជូនអតិថិជនវិញ និងបានរក្សាដីទុក ឬ លក់ដីចេញ»។
លោក Phattarachai បានថ្លែងថា គម្រោងខុនដូមួយចំនួនបានរចនាយូនីតរួចហើយសម្រាប់ជួល ដើម្បីទាក់ទាញអតិថិជនដែលចង់វិនិយោគ។ យូនីតទាំងនេះមើលទៅដូចជាបន្ទប់សណ្ឋាគារមួយដូច្នេះដែរ មានទំហំតូចជាងត្រឹមតែ ២៥ ម៉ែត្រការ៉េប៉ុណ្ណោះ សម្រាប់ស្ទូតយោ និង ៣០ ម៉ែត្រការ៉េ សម្រាប់យូនីតដែលមានបន្ទប់ដេកមួយ តែមិនមានបន្ទប់ទទួលភ្ញៀវ។
បើតាមការចុះផ្សាយរបស់កាសែតខាងលើចំនួនយូនីតសរុបនៅឆ្នាំមុនបានធ្លាក់ចុះ ៣៣,៤ ភាគរយ ធៀបនឹងចំនួន ៦៦.០២១ យូនីតក្នុងឆ្នាំ ២០១៨ ដែលជិតស្នើនឹងកម្រិតនៅឆ្នាំ ២០១៧ ដែលមានចំនួន ៤៤.០៦៥ យូនីត៕