ក្រសួងទេសចរណ៍គាំទ្របង្កើតរមណីយដ្ឋានសមុទ្រឈើនៅខេត្តមណ្ឌលគិរី

ក្រសួងទេសចរណ៍គាំទ្របង្កើតរមណីយដ្ឋានសមុទ្រឈើនៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ ក្រសួងទេសចរណ៍បង្ហាញការចាប់អារម្មណ៍ខ្លាំងចំពោះ រមណីយដ្ឋានសមុទ្រឈើ ដែលកំពុងរៀបចំបង្កើតថ្មី មានទីតាំងស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខាងលិចបន្តិចពីកន្លែងទស្សនាទេសភាពសមុទ្រឈើ។

បើតាមក្រសួងទេសចរណ៍នៅថ្ងៃទី១១ ខែឧសភា បានឲ្យដឹងថា រមណីយដ្ឋានទេសចរណ៍ថ្មីសន្លាងនេះរួមមានផ្ទះស្នាក់ និងបន្ទប់ស្នាក់នៅជាច្រើនប្រភេទ មានទាំងផ្ទះស្នាក់លក្ខណៈគ្រួសារ ផ្ទះរចនាប័ទ្មខ្មែរ ផ្ទះសម្រាប់គូស្នេហ៍ ឬគូស្វាមីភរិយា បឹងហ្កាឡូ វីឡា ផ្ទះឈើម៉ូតនៅមាត់អូរ និងផ្ទះសម្រាប់ដាក់តង់គេង ដែលអាចផ្ដល់នូវសេវាស្នាក់នៅជូនភ្ញៀវទេសចរប្រកបដោយការពេញចិត្ត ខណៈការងាររៀបចំនៅក្នុងរមណីយដ្ឋានទាំងមូលកំពុងមមាញឹក និងគិតគូរតាមស្ដង់ដាយ៉ាងយកចិត្តទុកដាក់។

ក្រៅពីនេះម្ចាស់រមណីយដ្ឋានបាន និងកំពុងរៀបចំឱ្យមានសួនសត្វស្លាបចម្រុះ ដូចជា សត្វអូទ្រីស ឥន្ទ្រិយ៍ ក្ងោក (មយូរា) ជាដើម។ គេក៏កំពុងរៀបចំឱ្យមានស្ពានសាងស្នេហ៍ សួនកម្សាន្តសម្រាប់កុមារ ហាងលក់កាហ្វេ-ភេសជ្ជៈដែលច្នៃធ្វើដោយឫស្សី ភោជនីយដ្ឋាន សាលប្រជុំ កន្លែងហាត់ប្រាណ កន្លែងស្ទីម-សូណា ស្កាយបារនៅជាន់លើបំផុត ផ្លូវសម្រាប់ជិះកង់ទេសចរណ៍ សួនបន្លែសម្រាប់ភ្ញៀវទេសចរចូលបេះ ឬកាត់ដោយខ្លួនឯងជាដើម។

ប្រសិនបើរាជរដ្ឋាភិបាលអនុញ្ញាតម្ចាស់រមណីយដ្ឋានគ្រោងនឹងបើកដំណើរការទទួលភ្ញៀវទេសចរជាផ្លូវការ នាឱកាសឆ្លងឆ្នាំសាកល ២០២០ ឆ្លងចូល ២០២១ ខាងមុខ។ បន្ថែមលើគម្រោងរបស់រមណីយដ្ឋានខាងលើ លោក ថោង ខុន ក៏បានជូននូវគំនិតដល់ការគិតគូររៀបចំបង្កើតឱ្យមានជាប្រភេទទេសចរណថ្មើរជើង (Trekking) ទេសចរណ៍ជិះកង់ក្នុងព្រៃ (Hekking) ផងដែរ៕

អត្ថបទដោយ: Nary