តើការកាត់ប្លង់កម្មសិទ្ធអចលនទ្រព្យមានដំណើរការយ៉ាងដូចម្តេច?

តើការកាត់ប្លង់កម្មសិទ្ធអចលនទ្រព្យមានដំណើរការយ៉ាងដូចម្តេច?

ភ្នំពេញ៖ ការកាត់ប្លង់កម្មសិទ្ធិលើអចលនទ្រព្យ ជូនអតិថិជនមានសារៈសំខាន់ខ្លាំងចំពោះអតិថិជនដែលជាអ្នកទិញអចនលទ្រព្យដោយសារ ការកាត់ប្លង់កម្មសិទ្ធិគឺធ្វើឡើងដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ពីម្ចាស់អចលនទ្រព្យណាមួយ និងសិទ្ធិស្របច្បាប់លើការកាន់កាប់អចលនទ្រព្យទាំងនោះ ជាពិសេសផ្ទះលំនៅឋាន និងដីធ្លី។

ចំពោះសំណង់លំនៅឋាន បុរី ផ្ទះល្វែង ដំណើរការនៃការកាត់ប្លង់កម្មសិទ្ធិជូនអតិថិ ជននៅពេលទិញលំនៅឋានគឺជាបន្ទុកខាងភាគីបុរី ដែលជាអ្នកអភិវឌ្ឍន៍ លើការធានារ៉ាប់រងចំពោះការផ្ទេរនិងកាត់ឈ្មោះកម្មសិទ្ធិជូនអតិថិជន រហូតដល់ម្ចាស់លំនៅឋានទទួលបានកម្មសិទ្ធអចលនទ្រព្យស្របច្បាប់។

លោក កូយ សីហា​ ប្រធានផ្នែកលក់ និងចាត់ការទូទៅរបស់បុរីធីវីស្តា បានថ្លែងថារាល់អតិថិជនដែលបានទិញលំ​នៅ​ឋាន​របស់បុរី គឺខាងបុរីនិងធ្វើការកាត់ប្លង់ជូនពួកគាត់ដោយផ្ទាល់ ដោយមិនបង្កការប៉ះពាល់​ និងរំខានដល់អតិ​ថិជនឡើយ​។

លោក កូយ សីហា មានប្រសាសន៍ថា៖​«ការកាត់ប្លង់រឹងជូនអតិថិជន ភាគច្រើន គឺខាងបុរីជាអ្នករត់ការឲ្យពួកគាត់តែម្តង។ ក៏ប៉ុន្តែភាគីទាំងពីរត្រូវមានការសហការពីអតិថិជន ក្នុងអំឡុងពេលដំណើរការកាត់ឈ្មោះដើម្បីផ្ទេរកម្មសិទ្ធិចាំបាច់ត្រូវមានគូរភាគីទាំងពីរ ដើម្បីផ្តិតមេដៃ ពីម្ចាស់ប្លង់(បុរី)​និងអ្នកទទួលសិទ្ធិក្នុងការកាន់កាប់ប្លង់កម្មសិទ្ធិនេះបន្ថែមទៀត និងដើម្បីឲ្យមានការទទួលស្គាល់តាមផ្លូវច្បាប់»។

លោក សីហាថា៖ «ដំណើរការនៃការកាត់ប្លង់គឺមិនចំណាយយូរនោះទេគឺត្រឹមតែ៣ខែ តែប៉ុណ្ណោះ ហើយលក្ខណៈមួយចំនួនដែលអតិថិជនទទួលបានប្លង់នោះគឺ ពួកគាត់ត្រូវ បង់ជូនបុរីនៅតម្លៃ៣០ភាគរយមុននៃចំនួនតម្លៃផ្ទះ។»

ការកាត់ប្លង់រឹងជូនម្ចាស់លំនៅឋានគឺត្រូវធ្វើឡើងទៅតាមស្ថានភាពនិងលក្ខណៈនៃលំ នៅឋាន ហើយដំណើរការនៃការកាត់ប្លង់រឹងនេះទៀតសោធគឺ ធ្វើនៅមន្ទីរសូរិយោដី។ ទោះជាយ៉ាងណាការកាត់ប្លង់រឹង(ផ្ទេរកម្មសិទ្ធត្រូវមានឯក​សារមួយចំនួនដើម្បីធ្វើការកាត់ប្លង់)។ 

ទន្ទឹមនឹងនេះ ប្រធានផ្នែកលក់ដដែលរូបនេះបានបញ្ជាក់ថា៖«ការផ្ទេរប្លង់កម្មសិទ្ធគឺអតិថិ ជនត្រូវមានឯកសារមួយហើយអតិថិជនត្រូវ មកផ្តិតមេដៃទទួល។ ​ឯកសារទាំងអស់នោះរួមមានជារួមយើងផ្អែកទៅលើខាងសូរិយោដី  តែខាងយើងជាអ្នកសម្រួលឯកសារ គឺ មានអត្តសញ្ញាណប័ណ្ណសញ្ញាតិ្តខ្មែរសំបុ ត្រកំណើត សៀវភៅគ្រួសារនឹងសំបុត្រអាពាហ៍ពិពាហ៍អោយស្របទៅនឹងនីតិវិធីច្បាប់»។

លោកសីហា ចាត់ការទូទៅរបស់បុរីធីវីស្តាថ្លែងថា៖«​នីតិវិធី​នៃ​ការផ្ទេរកម្មសិទ្ធិអោយស្របច្បាប់ ចាំបាច់​ត្រូវមាន​ការចូលរួម​ដឹងឮ​ពី​រដ្ឋបាល​សុរិយោដី​ថ្នាក់​រាជធានី-ខេត្ត ឬ​រដ្ឋបាល​សុរិយោដី​ថ្នាក់ក្រុង-ស្រុក-ខណ្ឌ ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ទទួល​ពាក្យសុំ​ចុះបញ្ជី។ រដ្ឋបាល​សុរិយោដី​ថ្នាក់​រាជធានី-ខេត្ត ដែល​អចលនវត្ថុ​តាំងនៅ​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ចុះបញ្ជី។»

លោកសីហាបន្ថែមថា៖« អតិថិជនភាគច្រើនបានសួរថានៅពេលកាត់ប្លង់​ បុរី មានបានសហការជាមួយធនាគារទេ? នេះជាបញ្ហា ដែលអតិថិជនត្រូវដឹង នោះគឺមិនពាក់ព័ន្ធគ្នានោះទេ។ លុះត្រាតែអថិតិជនយកប្លង់ទៅដាក់ជាមួយធនាគារតែប៉ុណ្ណោះ។»

លោកបញ្ជាក់ថា៖«​ អតិថិជននិងទទួលបានសារៈសំខាន់ខ្ពស់ពីព្រោះបុរីនឹងធ្វើការចេញប្លង់ជូន ដើម្បីមានសិទ្ធិកាន់កាប់អចលនទ្រព្យនេះបានយ៉ាងពេញលេញដោយមិនមានការខ្លាចពីបញ្ហាផ្សេងៗឡើយ។ ការផ្ទេរកម្មសិទ្ធិនេះគឺមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានដោយអតិថិជនមិនព្រួយបារម្ភនោះទេ។»

លោក ងួន សុខសាន្ត ប្រធានផ្នែកទំនាក់ទំនងអាជីវកម្ម និងពាណិជ្ជកម្មអ្នកគ្រប់គ្រងទូទៅរបស់ធនាគារ Bred Bank បាននិយាយថា ធនាគារមិនបានចូលរួមនិងពាក់ព័ន្ធជុំវិញការកាត់ប្លង់នោះទេ ព្រោះការកាត់ប្លង់កម្មសិទ្ធគឺ ភាគីដែលពាក់ព័ន្ធមានតែអតិថិជន និងម្ចាស់បុរីដែលជាម្ចាស់ប្លង់កម្មសិទ្ធ ដើម្បីធ្វើការផ្ទេរសិទ្ធកាន់កាប់តែប៉ុណ្ណោះ។

លោកសុខសាន្តមានប្រសាសន៍ថា៖ «ករណីដែលធនាគារពាក់ព័ន្ធក្នុងការកាត់ប្លង់មានតែលក្ខខណ្ឌតែមួយប៉ុណ្ណោះគឺអតិ​ថិជនធ្វើការកម្ចីជាមួយធនាគារដោយដាក់ប្លង់ផ្ទះដែលត្រៀមនឹងដាក់ក្នុងធនាគារធ្វើការកម្ចីប្រាក់ ពីធនា​គារ»។ លោក​បន្តថា៖ «បើក្រៅករណីខាងលើ ធនាគារមិនមានសិទ្ធិក្នុងការកាត់ប្លង់ជាមួយភាគីទាំងពីរឡើយ។»

គួរ​បញ្ជាក់ថា ប្លង់រឹង គឺ​សំដៅលើ​ប័ណ្ណ ឬ​ប្លង់​ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី ប៉ុន្តែ​អ្នកខ្លះ​យល់ថា ប្លង់រឹង​សំដៅលើ​កិច្ចសន្យា ឬ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនវត្ថុ (ទោះជា​មិនទាន់បាន​ចុះបញ្ជី​សុរិយោដី/គ្មាន​បណ្ណ)ដែល​បានបញ្ជាក់​ដឹងឮ​ពី​អាជ្ញាធរ​ឃុំ-សង្កាត់ និង​ក្រុង-ស្រុក -ខណ្ឌ​ក៏ដោយ ប៉ុន្តែ​វា​មិនមែន​ដូច្នោះ​ទេ។

អត្ថបទដោយ: Oudom