យុទ្ធសាស្ត្រធំៗដែលម្ចាស់សណ្ឋាគារត្រូវអនុវត្តន៍អំឡុងពេលរីករាលដាលកូវីដ១៩

យុទ្ធសាស្ត្រធំៗដែលម្ចាស់សណ្ឋាគារត្រូវអនុវត្តន៍អំឡុងពេលរីករាលដាលកូវីដ១៩

ភ្នំពេញ៖ លោកស្រី អ៊ឹង ជូម៉េង នាយកប្រតិបត្តិរបស់សណ្ឋាគារ Essence បានលើកឡើងថា វិស័យសណ្ឋាគារនៅកម្ពុជាគប្បីផ្លាស់ប្តូរនូវវិធីសាស្ត្រមួយចំនួន ដើម្បីទាក់ទាញភ្ញៀវទេសចូលស្នាក់នៅមានការកើនឡើងជាងមុន។ វិធីសាស្ត្រទាំងអស់នោះគឺ   របៀបបដិសណ្ឋារកិច្ចភ្ញៀវ សេវាកម្ម តម្លៃ និងការផ្សព្វផ្សាយអោយបានទូលំទូលាយ ជាកត្តាមូលដ្ឋានគ្រឹះសម្រាប់អ្នកគ្រប់គ្រងសណ្ឋាគារទាំងអស់ ដែលមិនត្រូវមើលរំលងឡើយ។

អំឡុងដើមឆ្នាំ២០២០នេះ ប្រទេសកម្ពុជា​ ក៏ដូចជាបណ្តាប្រទេសដ៏ទៃទៀតនៅលើពិភពលោក កំពុងប្រឈមនឹងការលំបាកដូចៗគ្នា នៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរណ៍យ៉ាងគំហុក ព្រោះការរីករាលដាលវីរុសកូវីដ-១៩។ ចំពោះខេត្តសៀមរាប ក្រោយរដ្ឋាភិបាលបានប្រកាសរកឃើញបុរសកម្ពុជាម្នាក់រស់នៅក្នុងខេត្តនេះបានឆ្លងមេរោគកូវីដ-១៩ ពីជនជាតិជប៉ុនមកនោះ វិស័យទេសចរណ៍ក្នុងខេត្តសម្បូណ៍ដោយប្រាង្គប្រាសាទបុរាណមួយនេះ ក៏បន្តធ្លាក់ដុនដាបកាន់តែខ្លាំង។ ភាពភ័យខ្លាចនៃការឆ្លងរាលដាលមេរោគ ធ្វើឱ្យពលរដ្ឋមួយចំនួនក្នុងតំបន់នេះសម្រេចចិត្តបន្ថយការធ្វើដំណើរចេញក្រៅផ្ទះ ហើយសំងំតែនៅក្នុងផ្ទះរបស់ខ្លួន ឯផ្ទះសំណាក់ និងសណ្ឋាគារដែលប្រកាសបិទអាជីវកម្មរបស់ខ្លួនក៏មានចំនួនកើនឡើងដូចគ្នា។

Image may contain: 1 person, standing

វិស័យមួយចំនួនដែលពឹងអាស្រ័យលើវិស័យទេសចរណ៍ មានផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋានជាដើម ត្រូវរងគ្រោះទាំងផ្ទាល់ និងប្រយោល ហើយមានសភាពស្ងប់ស្ងាត់ជាងមុន ព្រោះចំនួនភ្ញៀវដែលប្រើប្រាស់សេវាកម្មផ្សេងៗ នៅតាមតំបន់នីមួយៗត្រូវថយចុះជាលំដាប់។ ទោះបែបនេះក្តី ក៏សណ្ឋាគារក្នុងស្រុកត្រូវស្វែងរកវិធីសាស្ត្រសំខាន់ៗ ទាក់ទាញភ្ញៀវបន្ថែមទៀតដដែល។ នាយកប្រតិបត្តិរបស់សណ្ឋាគារ និងអាផាតមិន ESSENCE លោកស្រី អ៊ឹង ជូម៉េង បានបញ្ជាក់ថា វិស័យសណ្ឋាគារនៅប្រទេសកម្ពុជា គប្បីស្វែងរកនូវបទពិសោធន៍ថ្មីៗបន្ថែមទៀត ទោះបីមាន រឺមិនមានភ្ញៀវក៏ដោយ ព្រោះជាកិច្ចការសំខាន់ជំរុញគុណភាពសណ្ឋាគារស្របតាមស្តង់ដារតំបន់អាស៊ាន។

លោកស្រីបានរៀបរាប់ថា៖ «សណ្ឋាគាររបស់ខ្ញុំ ពីមួយឆ្នាំទៅមួយឆ្នាំ មានការផ្លាស់ប្តូរសេវាកម្ម ហើយផ្តល់បទពិសោធន៍ថ្មីជូនភ្ញៀវជានិច្ច។ សព្វថ្ងៃសណ្ឋាគារ ទទួលបានការគាំទ្រច្រើន ពិសេសទទួលបានភ្ញៀវមកស្នាក់នៅជារយៈពេលយូរ។»

លោកស្រីបានថ្លែងទទួលស្គាល់បញ្ហាអវិជ្ជមានមួយចំនួនដែរថា ការបិទសណ្ឋាគារធំៗមួយចំនួននារយៈពេលថ្មីៗនេះ អាចបណ្តាលមកពីមូលហេតុច្រើនយ៉ាង រួមមានទាំងតម្លៃនៃការស្នាក់នៅ ការផ្តល់សេវាកម្មមិនល្អជាដើម។ ឯសណ្ឋាគារដែលនៅបន្តដំណើរការបាន ព្រោះការផ្តល់សេវាកម្ម និងការធ្វើបដិសណ្ឋារកិច្ចភ្ញៀវបានល្អ  ដូច្នេះអ្នកគ្រប់គ្រងសណ្ឋាគារ គួរសិក្សាពីចំណុចទាំងអស់នេះអោយបានច្បាស់។

ប្រធាននាយកដ្ឋានសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ នៃក្រសួងទេសចរណ៍ លោក គឹម សេរីរដ្ឋ បានថ្លែងបញ្ជាក់ថា វិស័យសណ្ឋាគារបានដើរតួយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសជាតិ។ លោកថា វិស័យនេះជាកត្តាចម្បងជួយទាក់ទាញភ្ញៀវទេសចរមកកម្សាន្តក្នុងប្រទេស ទាញចំណូលបានងាយ ធ្វើឱ្យជីវភាពរបស់ពលរដ្ឋរីកចម្រើន សហគមន៍មានការអភិវឌ្ឍន៍ ហើយមិនផ្តល់ផលប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ។ តំបន់គោលដៅដែលមានការរីកលូតលាស់វិស័យនេះខ្លាំង មានដូចជាខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសៀមរាប។

លោក គីម សេរីរដ្ឋ បានអះអាងថា៖ «ក្រៅពីបញ្ហាបារម្ភនៃការឆ្លងជំងឺ(កូវីដ១៩) បញ្ហាដែលធ្វើអោយភ្ញៀវធ្លាក់ចុះតាមសណ្ឋាគារមួយចំនួន ព្រោះសេវាកម្មមិនទាន់គ្រប់គ្រាន់ ការផ្សព្វផ្សាយមិនគ្រប់ជ្រុងជ្រោយ ហើយគ្មានសិក្សាបន្ថែមយុទ្ធសាស្ត្រថ្មីៗ។ ត្រូវរក្សាអនាម័យ បរិស្ថានស្អាត សេវាកម្មល្អ យកចិត្តទុកដាក់លើការរចនាម៉ូត នេះជាចំណូចដែលសណ្ឋាគារគួរយល់ដឹងបន្ថែម។»

គួរបញ្ជាក់ថា គោលបំណងសំខាន់នៃការណែនាំនេះ គឺក្រសួងទេសចរណ៍ចង់ឱ្យសណ្ឋាគារនៅកម្ពុជាអនុវត្តន៍ការងារស្របតាមស្តង់ដារទាំងក្នុងស្រុក និងតំបន់អាស៊ាន ហើយទាក់ទាញភ្ញៀវទេសចរអោយបានកាន់តែច្រើន៕

អត្ថបទដោយ: Oudom